រាជធានីភ្នំពេញ ៖ ស្នេហាពិត គឺជាស្នេហាដែលមានតម្លៃ មានសេចក្ដីស្រឡាញ់ និងការលះបង់ចំពោះគ្នារវាងដៃគូរវាងគ្នាដោយមិនមានការប្រែប្រួល មិនបែកបាក់ ហើយក៏មិនអាចមានអ្វីមកប្រៀបផ្ទឹមបាន។ ស្នេហាពិត គឺជាស្នេហាដែលអះាចផ្តល់អារម្មណ៍កក់ក្ដៅរវាងគ្នានឹងគ្នាដោយភាពទន់ភ្លន់ និងមិនអាចបោះបង់គ្នាចោលទោះស្ថិតក្នុងកាលទេសណាក៏ដោយ។

ស្នេហាពិតត្រូវផ្អែកទៅលើកត្តាមួយចំនួនដូចជា ៖ មិនមានគំនិតទាមទារខ្ពស់ពេកចំពោះគ្នានឹងគ្នា មានជំនឿជឿជាក់លើគ្នាទៅវិញទៅមក និងការចេះគោរពឲ្យតម្លៃគ្នាផងដែរ។ ជីវិតគូ ដែលមានភាពផ្អែមល្ហែម គឺជាជីវិតគូដែលមើលឃើញពីចំណុចល្អពីគ្នា ចេះអធ្យាស្រ័យគ្នា ការយោគយល់ និងអាចនិយាយពីបញ្ហាក្នុងចិត្តប្រាប់គ្នាដោយឥតលាក់លៀម។

យើងអាចមើលឃើញថាតើខ្លួនមានស្នេហាពិតជាមួយដៃគូឬនៅតាមរយៈរឿងរ៉ាវជាច្រើន ជាពិសេសនោះគឺនៅពេលដែលមានបញ្ហាគេនឹងមិនបោះបង់ចោលអ្នក ឬរត់គេចចេញពីអ្នក ទុកឲ្យអ្នកដោះស្រាយតែម្នាក់ឯងបានោនោះឡើយ៕ អត្ថបទ ៖ ប៊ុត បឋវី