រដ្ឋធានីហាណូយ៖ ក្រោយពេលមិនមានតម្លាភាព ជុំវិញការចាត់ចែងលុយកាក់ ដែលបានមកពីការរៃអង្គាស ពីសប្បុរសជននោះមក អ្នកគាំទ្រនានា បានអំពាវនាវឲ្យតារាល្បីៗរបស់វៀតណាម ត្រូវតែ​ផ្សព្វផ្សាយជាសាធារណៈ អំពីប្រាក់ដែលតារាទាំងនោះ បានស្នើសុំ សម្រាប់សកម្មភាពសប្បុរសធម៌ ក្នុងការជួយដល់ជនរងគ្រោះ​។

បើតាមសារព័ត៌មានវៀតណាម  (VN Express) បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តារាចម្រៀងស្រី អ្នកនាង ធុយ តៀន (Thuy Tien) កាលពីថ្ងៃទី៩ ខែកញ្ញា បានថ្លែងថា នៅខែនេះ ​នាងមានគម្រោង ទទួលបានរបាយការណ៍របស់ធនាគារ អំពីប្រាក់ ដែលនាងបានអំពាវនាវ សុំការបរិច្ចាគ​ពីសាធារណជន កាលពីឆ្នាំមុន។​

តារាចម្រៀងស្រី អ្នកនាង ធុយ តៀន (Thuy Tien) កាលពី​ឆ្នាំ២០២០ ​បានរៃអង្គាសប្រាក់ បាន ចំនួន១៧៧ ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹង​៧,៧លានដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជនទូទៅ។ នេះជាចំនួនលុយ​ដ៏ច្រើនបំផុត ដែលតារាចម្រៀងវៀតណាម ​រៃអង្គាសបាន ពីសប្បុរសជន នៅក្នុងអំឡុងពេលវៀតណាម ប្រឈមមុខនឹង​គ្រោះទឹកជំនន់ និង ខ្យល់ព្យុះសង្ឃរា នាពេលនោះ។

អ្នកនាង ធុយ តៀន បានទៅទស្សនា ដោយផ្ទាល់ នៅតាមខេត្តជាច្រើន នៅតំបន់ភាគកណ្ដាល នៃប្រទេសវៀតណាម ដើម្បីប្រគល់ប្រាក់ និង ផ្ដល់ជំនួយដល់ពលរដ្ឋរងគ្រោះ ពីទឹកជំនន់ និងខ្យល់ព្យុះសង្ឃរា។​ ប៉ុន្តែចាប់តាំងពីពេលនោះមក តារាចម្រៀងស្រីរូបនេះ បានប្រឈមនឹងសំណួរជាច្រើន ទាក់ទងនឹងរបៀប ដែលនាងប្រើប្រាស់លុយជំនួយ​សប្បុរសជន នៅក្នុងគណនីធនាគាររបស់នាង។​

អ្នកនាង Thuy Tien និង ស្វាមីរបស់នាង គឺលោក កុង វិញ (Cong Vinh) អតីតតារាបាល់ទាត់​បានផ្សាយផ្ទាល់ តាមបណ្ដាញសង្គមវីដេអូ Live-Streamed  បានអះអាងថា ពួកគេមិនបានទាញ យកផលប្រយោជន៍ផ្ទាល់ខ្លួន អំពីជំនួយមនុស្សធម៌ទាំងនេះឡើយ។​

រឿងអាស្រូវ ពីការកឹបកេងលុយកាក់របស់សប្បុរសធម៌នេះ មិនមែនមានតែតារាចម្រៀងស្រី Thuy Tien និង អតីតតារាបាល់ទាត់ លោក Cong Vinh នោះឡើយ ប៉ុន្ដែក៏នៅមានតារាល្បីៗរបស់​វៀតណាមជាច្រើនទៀត ត្រូវប្រឈមមុខនឹងករណីបែបនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាម អំពីការប្រើប្រាស់ថវិការៃអង្គាសពីពួកគេ សម្រាប់​សប្បុរសធម៌។ ថ្វីបើមនុស្សជាច្រើន បានអំពាវនាវ សុំឱ្យមានតម្លាភាពជាងមុនក៏ដោយ ក៏តារាល្បីៗមួយចំនួន បានសុខចិត្តបញ្ចេញព័ត៌មានហិរញ្ញវត្ថុ ដែលបានមក ពីការរៃអង្គាសនេះឲ្យមានតម្លាភាពផងដែរ។​

លោក ត្រាន ថាញ់ (Tran Thanh) ជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប បានឆ្លើយតបទៅនឹងការអំពាវនាវជាសាធារណៈ ដោយបានបង្ហោះពីរបាយការណ៍ធនាគារ ជាង១ ០០០ទំព័រ សម្រាប់ប្រាក់ចំនួន៩,៦ពាន់លានដុង(លុយវៀតណាម) ឬស្មើនឹង ៤២១ ៦០៨ដុល្លារសហរដ្ឋអាមេរិក ​ដែលបានមកពី​បរិច្ចាគរបស់សប្បុរសជនទូទៅ សម្រាប់​ជួយដល់ជនរងគ្រោះ ពីគ្រោះទឹកជំនន់ នៅតំបន់ភាគកណ្តាល ប្រទេសវៀតណាម កាលពីឆ្នាំ២០២០។ កាលពីមុន មានមនុស្សជាច្រើន បានទាមទារឲ្យតារាកំប្លែងដ៏ល្បាញរូបនេះ  ផ្សព្វផ្សាយឯកសារ ពាក់ព័ន្ធនឹងជំនួយទាំងនេះ ជាសាធារណៈ។ ប៉ុន្តែគិតត្រឹមរសៀសល ថ្ងៃទី៧ ខែកញ្ញា តារាកំប្លែងរូបនេះ នៅមិនទាន់បានប្រកាស តាមអ្វីដែលសប្បុរសជនបានទាមទារនោះឡើយ។​

លោក ត្រាន ថាញ់ (Tran Thanh) តារាកំប្លែងដ៏ល្បីល្បាញរបស់វៀតណាម​រូបនេះ បានអះអាងនៅលើឃ្លីបវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក​ ថា «មុន​ពេលបញ្ចេញឯកសារនេះ ខ្ញុំបានពិគ្រោះយោបល់ជាមួយគណនេយ្យករ និងមេធាវី ដោយអះអាងថា គាត់មិនបានធ្វើអ្វីខុសនោះទេ។​ ប្រសិនបើខ្ញុំខុស រឿងដំបូង​ ខ្ញុំត្រូវប្រឈមមុខនឹងផ្លូវច្បាប់។ ប៉ុន្ដែប្រសិនបើពួកគេនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ​ជីវិត និងវាយប្រហារមកលើគ្រួសាររបស់ខ្ញុំ ខ្ញុំនឹងសុំឱ្យច្បាប់ដោះស្រាយ អំពីករណីប្រឌិតរឿង​ទាំងនេះឡើង»​។​

ក្រៅពីតារាល្បីៗ លោក  Tran Thanh និង អ្នកនាង Thuy Tien ក៏នៅមានតារាចម្រៀង លោក Dam Vinh Hung , តារាចម្រៀងស្រី អ្នកនាង My Tam…ជាដើម ក៏មានពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងលុយសប្បុរសជននេះដែរ។ តារាចម្រៀង លោក Dam Vinh Hung មានពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងលុយ ចំនួន១,៨ពាន់លានដុង ឬស្មើនឹង ៧៩ ០៥១ដុល្លារផងដែរ។​ ប៉ុន្ដែតារាចម្រៀងរូបនេះ ​បានអះអាងថា លោកនឹងប្ដឹងអ្នកបង្កើតរឿងចចាមអារ៉ាមនេះឡើង៕