ភ្នំពេញ៖ ដោយសារការសម្លឹងឃើញថា វិស័យសិល្បៈចម្រៀងក្នុងស្រុកកាន់តែរីកចម្រើនទៅមុខ ខណៈដែលទស្សនិកជនក៏ចង់បាន ចង់ឃើញការផលិតបទចម្រៀងដែលមានគុណភាព និងមិនចម្លងគេ ដូច្នេះហើយទើបផលិតកម្ម ដាវីត្រាមីឌៀរ (Davitra Media) បានបោះទុនរាប់លានដុល្លារ ដើម្បីធ្វើឲ្យផលិតកម្មមួយនេះក្លាយជាផលិតកម្មដ៏ធំសម្បើមមួយ ដែលមានស្ទីឌីយូ ក៏ដូចជាឧបករណ៍ទំនើបៗស្របតាមស្តង់ដាអន្តរជាតិ តែមួយគត់នៅកម្ពុជា ។

ក្រោយពីបានកសាងប្រជាប្រិយភាពមួយរយៈធំ ផលិតកម្មដាវីត្រាមីឌៀរ (Davitra Media) បានធ្វើឲ្យមហាជនស្គាល់យ៉ាងច្បាស់ថា ជាផលិតកម្មផលិតបទចម្រៀង មិនចម្លងគេ (Original Songs) ប្រកបដោយគុណភាពខ្ពស់បំផុត ទាំងសមត្ថភាពតារាចម្រៀង ទាំងបទភ្លេង, បច្ចេកទេសសំឡេង ក៏ដូចជាការផលិត MV ច្បាស់ត្រជាក់ភ្នែកផងដែរ ។

សមទ្ធផលដ៏ល្អឥតខ្ចោះរបស់ ផលិតកម្មដាវីត្រាមីឌៀរ នាសម័យឌីជីថលនេះដែរ ក៏ដោយសារផលិតកម្មមួយនេះ គឺជាផលិតក្នុងស្រុកដំបូងគេបង្អស់ ដែលបានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទីឌីយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា៖ AVID S3, AVID PROTOOLS DOCK, Avid Pro Tools, Genelec, Slate Digital, Neumann U67, Dangerous Music Complete Mixing & Mastering System, Customize Mac Pro , Pro Display XDR និង ម៉ាកល្បីៗជាច្រើនទៀតដាក់បំពាក់ក្នុងស្ទីឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទីឌីយោកោះស្លាកែត»។

ក្រៅតែអំពីការទិញ ក៏ដូចជានាំយកសម្ភារស្ទីឌីយោទំនើបៗពីបរទេស ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក ឬស្មើនឹងតម្លៃរថយន្ត Lexus 570 Kuro ឆ្នាំ 2021 ដល់ទៅពីរគ្រឿងហើយនោះ ផលិតកម្មដាវីត្រាមីឌៀរ ក៏បានវិនិយោគរាប់លានដុល្លារទៅលើការសាងសង់ស្ទីឌីយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិនៃស្ទីឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។

លើសពីនោះទីទៀតផលិតកម្មដាវីត្រាក៏មានទាំងស្ទីឌីយូថតសំលេង និងស្ទីឌីយូថតវីដេអូខាងក្នុងនិងខាងក្រៅដែលមានទេសភាពស្អាតៗអាចថតបានច្រើនសកម្មភាព ច្រើនឆាក និងច្រើនទីតាំង ក្នុងពេលតែមួយ។

យ៉ាងណាមិញ សម្រាប់ ដាវីត្រាមីឌៀរ ក្រៅតែពីមានតែស្ទីឌីយោទំនើបលំដាប់អន្តរជាតិដំបូងគេហើយនោះ ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធន៍ខ្លាំងក្នុងការរៀបចំស្ទីឌីយូ ក៏ដូចជាក្រុមការងារ ផលិតចម្រៀង និង MV ប្រកបដោយភាពប៉ិនប្រសប់ ច្នៃប្រឌិតខ្ពស់ ជាពិសេសធ្លាប់មានស្នាដៃរាប់មិនអស់នៅលើវិថីសិល្បៈចម្រៀង ៕