បរទេស៖ ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ដើមខែកញ្ញា ឆ្នាំ២០២១ ​នេះ មានកុមារយ៉ាងតិច​ជាង១,៥លាននាក់ នៅទូទាំងពិភពលោក កំពុងតែក្លាយខ្លួនជាក្មេងកំព្រា ដោយសារឪពុកម្ដាយរបស់ពួកគេ បានស្លាប់ដោយជំងឺកូវីដ-១៩។

បើតាមការស្រាវជ្រាវមួយ ត្រូវបានចុះផ្សាយ ​ក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស «The Lancet» នៅខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កុមារជាង១,៥លាននាក់ នៅទូទាំងពិភពលោក បានក្លាយខ្លួនជាក្មេងកំព្រា ដោយសារ​ឪពុកម្ដាយ​ ឬជីដូនជីតារបស់ពួកគេ បានបាត់បង់ជីវិត​ដោយសារជំងឹកូវីដ-១៩។​ ករណីនេះកំពុងធ្វើមានបញ្ហាប្រឈមយ៉ាងខ្លាំង សម្រាប់កុមារទាំងនោះ។

បើតាមការសិក្សាផ្សេងទៀត ធ្វើឡើង ដោយ U.S. CDC, USAID, ធនាគារពិភពលោក (World Bank), និងសាលកវិទ្យាល័យក្រុងឡុងដ៍ បានរកឃើញថា នៅលើពិភពលោក សម្រាប់មនុស្ស២នាក់ បានបាត់បង់ជីវិត ដោយជំងឺកូវីដ គឺតែងមានកុមារម្នាក់ បានបាត់បង់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់ពួកគេ។​

ស្របគ្នានេះដែរ ចាប់តាំងពីការផ្ទុះរលកចុងក្រោយ នៃ​ជំងឺកូវីដ-១៩ នៅអំឡុងចុងខែមេសា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងទីក្រុងហូជីមិញ (ខែ្មរហៅ «ទីក្រុងព្រៃនគរ») វៀតណាមខាងត្បូង បានធ្វើឲ្យកុមារ នៅក្នុងទីក្រុងនេះ ចំនួន ១ ៥១៧ នាក់ ក្លាយខ្លួនជាក្មេងកំព្រាឪពុកម្ដាយ។ ករណីធ្វើឲ្យកុមារប្រឈមមុខនឹងបញ្ហាលំបាកយ៉ាងខ្លាំងបំផុត។

គិតត្រឹម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានប្រទេស និងដែនដី ចំនួន២២០ កំពុងរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ដោយមានអ្នកឆ្លងសរុប ជាង ២២៧,៧៩លាននាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដទាំងនោះ មានអ្នកស្លាប់ជាង៤,៦លាននាក់ និងជាសះស្បើយ ជាង២០៤,៤លាននាក់។​ វិបត្ដិជំងឺកូវីដ-១៩នេះ បាន និង កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល ដោយខាតបង់អស់រាប់សិបលានលានដុល្លារសហរដ្ឋអាមេរិក៕