ទីក្រុងឡាអេ៖ បុរសខ្លាំង​ហ្វីលីពីន គ្រាន់តែបានឡើង កាន់តំណែង ជាប្រធានាធិបតី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ភ្លាម ក៏ចាប់ផ្ដើមធ្វើសង្គ្រាម ប្រឆាំងនឹងគ្រឿងញៀន ដោយបានសម្លាប់មនុស្ស អស់រាប់ពាន់នាក់ ហើយគាត់នឹងអស់អំណាច នៅត្រឹមចុង២០២១ ក្រោយការបោះឆ្នោតថ្មី នៅឆ្នាំ២០២២ ប៉ុន្ដែបច្ចុប្បន្ន តុលាការអន្ដរជាតិ ICC ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ (Hague) ប្រទេសហូឡង់ ក៏កំពុងតែចាប់ផ្ដើមដំណើរ ស្វែងរកភស្ដុតាង ពាក់ព័ន្ធនឹងឃាតកម្ម ប្រឆាំងនឹងមនុស្សជាតិ។

បើតាមសារព័ត៌មាន Al Jazeera​ បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែកញ្ញា ថា តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ហៅកាត់ «ICC» បានសម្រេច​ជាផ្លូវការ អនុញ្ញាតឲ្យមានការ​ស៊ើបអង្កេត​ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ នៅក្នុង «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន។ នេះជាការដោះស្រាយ​ជ័យជម្នះខាងសីលធម៌ដល់អ្នកការពារសិទ្ធិមនុស្ស និង ​ក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលត្រូវបានសម្លាប់ រួមទាំង កុមារស្លូតត្រង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានចេញ កាលពីថ្ងៃពុធ (ទី១៥ ខែកញ្ញា) សាលាក្តីអន្ដរជាតិ​នៅទីក្រុងឡាអេ ប្រទេសហូឡង់ មួយនេះ បានអះអាងថា មាន «មូលដ្ឋានគ្រឹះត្រឹមត្រូវ” សម្រាប់បន្ត​ស៊ើបអង្កេត ដោយកត់សម្គាល់ថា «ធាតុផ្សំស្របតាមច្បាប់ជាក់លាក់ នៃឧក្រិដ្ឋកម្មប្រឆាំងនឹងឃាតកម្មលើមនុស្សជាតិ» ត្រូវបានប្រព្រឹត្ដ នៅក្នុងការបង្ក្រាប ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់​ បាត់បង់ជីវិត។

​ដីកាស៊ើបអង្កេតនេះ ត្រូវបានចុះហត្ថលេខា ដោយចៅក្រមជាច្រើនរួប រួមមាន លោក Péter Kovács, Reine Adélaïde Sophie Alapini-Gansou និងលោក María del Socorro Flores Liera ។

ICC បានបញ្ជាក់ថា ចៅក្រម ICC បានពិចារណា​លើភស្តុតាង ដែលបានបង្ហាញ ក្នុងនាមជនរងគ្រោះ យ៉ាងតិច២០៤នាក់។ ​អ្វីដែលពួកគេបានរកឃើញ បានបង្ហាញថា «ការវាយប្រហាររីករាលដាល និង មានលក្ខណៈជាប្រព័ន្ធ ប្រឆាំងនឹងប្រជាជនស៊ីវិល បានកើតឡើង ស្របតាម ឬ​បន្តតាមគោលនយោបាយរបស់រដ្ឋ»។​

លោកស្រី Fatou Bensouda អតីតរដ្ឋរាជអាជ្ញា ICC បានដាក់ពាក្យស្នើសុំ ស៊ើបអង្កេត មុនពេលលោកស្រីចូលនិវត្តន៍ កាលពីខែមិថុនា ដោយចោទប្រកាន់ថា «តួអង្គរដ្ឋ ភាគច្រើនជាសមាជិក នៃកងកម្លាំងសន្តិសុខហ្វីលីពីន បានសម្លាប់មនុស្សរាប់ពាន់នាក់ ពាក់ព័ន្ធនឹងការសង្ស័យថា ជាអ្នកប្រើប្រាស់គ្រឿងញៀន និងជនស៊ីវិល នៅក្នុងអំឡុងពេលប្រតិបត្តិការអនុវត្តច្បាប់ជាផ្លូវការ»។ ចំណែកអ្នកបន្ដពីលោកស្រី Bensouda  គឺលោក ​​Karim Khan ជារដ្ឋអាជ្ញាបច្ចុប្បន្ន​ នឹងត្រួតពិនិត្យមើលការស៊ើបអង្កេតជាក់ស្តែង និង​ជំនុំជម្រះសំណុំរឿង អាចនឹងកើតមាន៕​