រដ្ឋធានីសេអ៊ូល៖ ក្រោយការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ កាលពីថ្ងៃទី១១ និង១២ ខែកញ្ញា នោះមក កូរ៉េខាងជើងបានបន្ដបាញ់មីស៊ីលបាលីស្ទីក ចំនួន២គ្រាប់បន្ថែមទៀត សំដៅទៅកាន់សមុទ្រខាងកើត។

សារព័ត៌មាន BBC បានចេញផ្សាយ នៅរសៀល ថ្ងៃទី១៥ ខែកញ្ញា ថា បើតាមកងទ័ពកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់មីស៊ីល ចំនួន២គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត។ រីឯជប៉ុនក៏បានរាយការណ៍អំពីការបាញ់មីស៊ីលនេះផងដែរ ហើយអាចជាមីស៊ីលបាលីស្ទីក។

លោក យូស៊ីហ៊ីដេ ស៊ូហ្គា (​Yoshihide Suga) នាយករដ្ឋមន្រ្ដីជប៉ុន បានហៅការបាញ់មីស៊ីលនេះថា «ជាការគួរឲ្យអស់សំណើច» ដោយលោកចាត់ទុកថា នេះជាសកម្មភាពគំរាមកំហែងដល់សន្ដិភាព និង សន្ដិសុខ នៅក្នុងតំបន់។​

ទោះជាយ៉ាងណា គេ​មិនច្បាស់ពីកន្លែង​ ដែលមីស៊ីលផ្លោងនោះ ត្រូវបានកំណត់គោលដៅវាយប្រហារ ឬការបាញ់ផ្លោងនោះដែរ។ ប៉ុន្តែអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានអះអាងថា «យោធាកូរ៉េខាងត្បូង​កំពុងរក្សាជំហរ ត្រៀមខ្លួនពេញលេញ នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»។​

កូរ៉េខាងជើង កាលពីថ្ងៃទី១៣ ខែកញ្ញា បានបាញ់សាកល្បងមីស៊ីល (Cruise Missle) រយៈចម្ងាយឆ្ងាយ អាចវាយប្រហារដល់តំបន់ជាច្រើន នៅក្នុងប្រទេសជប៉ុន ដែលហៅថា «នេះជាអាវុធយុទ្ធសាស្រ្ដដ៏សំខាន់បំផុត»។ នេះជាលើកទី២ នាំការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ។​ ប៉ុន្ដែកាលពីពេលកន្លងមក កូរ៉េខាងជើង ធ្លាប់បាញ់សាកល្បងមីស៊ីលរំលងទ្វីប ICBM ជាច្រើនគ្រាប់ អាចមានសមត្ថភាពវាយប្រហារទៅលើទឹកដីអឺរ៉ុបខាងលិច និង ពាក់កណ្ដាលសហរដ្ឋអាមេរិក។​

ក្រុមអ្នកជំនាញខាងមីស៊ីល បានអះអាងថា មីស៊ីល (Cruise Missle) របស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បង នាពេលនេះ អាចពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។​ ទោះជាយ៉ាងណា ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ​មិនបានហាមឃាត់នូវការធ្វើតេស្ដមីស៊ីល ប្រភេទ Cruise Missle នេះទេ។ ប៉ុន្ដែក្រុមប្រឹក្សានេះ បានចាត់ទុកមីស៊ីលបាលីស្ទិកជាការគំរាមកំហែង ដោយសារមីស៊ីលប្រភេទនេះ អាចផ្ទុកកម្លាំងផ្ទុះដ៏ខ្លាំង អាចរត់បានចម្ងាយឆ្ងាយ និង វាយប្រហារយ៉ាងលឿន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រជាជន ប្រឈមនឹងការខ្វះខាតស្បៀងអាហារ។ បញ្ហាប្រឈមនឹងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង បណ្ដាលមកពី៖ ទី១-ទណ្ឌកម្មអន្ដរជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ, ទី២-គ្រោះធម្មជាតិ រួមមាន ព្យុះទីហ្វុង គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ បំផ្លាញផលកសិកម្ម ហើយទី៣-ការបិទព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់កូវីដ-១៩។ កូរ៉េខាងជើង មានសេដ្ឋកិច្ចយ៉ាងសំខាន់លើការនាំចេញនាំចូលតែ​ជាមួយនឹងប្រទេសចិនប៉ុណ្ណោះ ប៉ុន្ដែនៅពេលបិទព្រំដែន ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង៕