រដ្ឋធានីវ៉ាស៊ីនតោន៖ ព្យុះកំបុតត្បូង Ida បានវាយប្រហារយ៉ាងខ្លាំង ទូទាំងរដ្ឋចំនួន៤ នៅភាគឦសាន នៃសហរដ្ឋអាមេរិក បណ្ដាលឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់៤១នាក់ ហើយចៅហា្វយក្រុងជាច្រើន បានប្រកាស ដាក់ក្នុងគ្រាអាសន្ន ជុំវិញគ្រោះធម្មជាតិដ៏អាក្រក់នេះ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ការវិនិយោគជាប្រវត្ដិសាស្រ្ដ» ចាំបាច់ត្រូវតែដោះស្រាយបញ្ហាវិបត្ដិអាកាសធាតុ។ គ្រោះធម្មជាតិទឹកជំនន់ និងខ្យល់ព្យុះកំបុតត្បូងនេះ បានវាយប្រហារទៅលើរដ្ឋ ចំនួន៤ នៅភាគឦសាន សហរដ្ឋអាមេរិក បណ្ដាលឲ្យពលរដ្ឋអាមេរិកាំង យ៉ាងតិច ៤១នាក់ បាត់បង់ជីវិត។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមថា បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងតែប្រឈមមុខនឹងគ្រោះមហន្ដរាយ ពាក់ព័ន្ធនឹងអាកាសធាតុ នៅទូទាំងប្រទេស។ បញ្ហាដោះស្រាយដ៏សំខាន់នោះ គឺអាយុជីវិត និង ការបាត់បង់ជីវិត។

ប្រជាពលរដ្ឋមួយចំនួន ត្រូវបានជាប់នៅនឹងកន្លែង មិនអាចធ្វើដំណើរទៅណាបាន ដោយសារទឹកជំនន់ជន់លិចផ្ទះ និងរថយន្ដរបស់ពួកគេ។ គ្រោះទឹកជំនន់ និងព្យុះកំបុតត្បូងនេះ បានវាយប្រហារទៅលើទីក្រុង និងរដ្ឋ ចំនួន៤ រួមមាន រដ្ឋញូវជើរស៊ី (New Jersey), ញូវយ៉ក, Philadelphia និង រដ្ឋ Pennsylvania ។

លោក Phil Murphy អភិបាលរដ្ឋ New Jersey បានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានសម្លាប់លរដ្ឋ នៅក្នុងរដ្ឋញូវជើរស៊ី យ៉ាងតិច២៣នាក់។ ភាគច្រើនបំផុត នៃជនរងគ្រោះ បានជាប់ នៅក្នុងរថយន្ដរបស់ពួកគេ ខណៈទឹកហូរបុកមកយ៉ាងខ្លាំង។ អាជ្ញាធរ ក៏បានប្រកាសអាសន្ន នៅក្នុងរដ្ឋនេះ។

មន្រ្ដីក្រុងញូវយ៉ក បានបញ្ជាក់ថា គ្រោះធម្មជាតិ ដោយសារទឹកជំនន់ និងព្យុះកំបុតត្បូង បានឆក់យកជីវិតពលរដ្ឋ យ៉ាងតិច១៤នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ហើយមនុស្ស១១នាក់ បានលង់ទឹក ខណៈអ្នកផ្សេងទៀតត្រូវទឹកជំនន់ជន់សន្ធប់ នៅក្នុងផ្ទះរបស់គេ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសដាក់ ក្នុងគ្រាអាសន្នផងដែរ។

ដោយឡែកមនុស្ស៣នាក់ទៀត បានស្លាប់នៅជិតទីក្រុង Philadelphia រដ្ឋ Pennsylvania ខណៈមនុស្សម្នាក់បានស្លាប់នៅរដ្ឋ Connecticut ។ ទោះជាយ៉ាងណា ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនេះ តែងតែបង្កើតឲ្យមានខ្យល់ព្យុះជាញឹកញាប់។ ប៉ុន្តែយើងអាចដឹងថា ការកើនឡើងនូវសីតុណ្ហភាពនៅលើផ្ទៃសមុទ្រ ធ្វើឱ្យខ្យល់ឡើងកម្ដៅ ហើយបង្កើតឱ្យមានថាមពលកាន់តែច្រើន កកើតជាខ្យល់ព្យុះស៊ីក្លូន និងព្យុះទីហ្វុង។ ជាលទ្ធផល នៃព្យុះទាំងនេះ នាំឲ្យមានភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតី រហូតបង្កើតទៅជាទឹកជំនន់ជន់លិចខ្លាំង៕