រដ្ឋធានីកាប៊ូល៖ តាលីបង់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានកេណ្ឌកម្លាំង ​វាយប្រហារជាច្រើនមុខព្រួញ ទៅលើចលនាតស៊ូ នៅក្នុងទីតាំងចុងក្រោយ នៅជ្រលងភ្នំផេនសៀរ តែត្រូវបានក្រុមអ្នកប្រយុទ្ធ NRF ​វាយសន្ធាប់យ៉ាងខ្លាំង រុញច្រាន​កងកម្លាំង​តាលីបង់​ ឲ្យដកថយ ចម្ងាយប្រហែល៥០គីឡូម៉ែត្រ ហើយស្រុកចំនួន៣ បានធ្លាក់ទៅលើក្រុមចលនាតស៊ូ NRF ។

សារព័ត៌មាន Dawn បានផ្សាយថា កងកម្លាំងរបស់តាលីបង់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានវាយប្រយុទ្ធ​យ៉ាងខ្លាំងក្លា​ជាមួយ​នឹងក្រុមប្រយុទ្ធ មានភក្ដីភាព ចំពោះមេដឹកនាំក្នុងតំបន់ លោក Amad Massoud នៅ​ជ្រលងភ្នំផេនសៀរ (Panjshir) ដែលជាទីតាំងដ៏រឹងមាំចុងក្រោយរបស់ចលនាតស៊ូ NRF ។ ភាគីនីមួយៗ បានអះអាងថា ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនេះ បានកើតឡើង នៅក្នុងខេត្តចុងក្រោយ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្រុមប្រយុទ្ធរបស់រណសិរ្សចលនាតស៊ូជាតិ ហៅកាត់ NRF បានអះអាងថា ក្រុមប្រយុទ្ធ NRF បានវាយប្រហារយ៉ាងសន្ធាប់ទៅលើកងកម្លាំងតាលីបង់ ដែលកំពុងសម្រុកចូលមកពីច្រើនមុខព្រួយ រហូត​ធ្វើឲ្យកងកម្លាំងតាលីបង់ ដក​ថយក្រោយវិញ ក្នុងចម្ងាយប្រហែល៥០គីឡូម៉ែត្រ។ ​ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនេះ គឺក្រុមប្រយុទ្ធ NRF បានធ្វើឲ្យតាលីបង់រងការខូចខាតយ៉ាងដំណំ…។

ចលនាតស៊ូប្រឆាំងនឹងតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅតែបន្ដសុំជំនួយ ពីអន្ដរជាតិ ជាពិសេស ពីប្រទេសលោកសេរី ដើម្បីគាំទ្រដល់ពួកគេ វាយផ្ដួលរំលំក្រុមភេរវករតាលីបង់។ ទោះជាយ៉ាងណា គេមិនទាន់មានរបាយការណ៍ អំពីចំនួនខូចខាតទាំងសងខាងនោះឡើយ។ តំបន់ជ្រលងភ្នំផេនសៀរ ស្ថិតនៅភាគខាងជើង រដ្ឋធានីកាប៊ូល ហើយជាផ្នែកមួយ នៃប្រទេសអាហ្វហ្គានីស្ថាន មិនស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់។ ដោយឡែក ក្រុមតាលីបង់ វិញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានអះអាង ពួកគេបានឡោមព័ទ្ធជ្រលងភ្នំផេនសៀរ ហើយមេដឹកនាំតាលីបង់ បានអំពាវនាវឲ្យចលនាតស៊ូនេះ ទម្លាក់អាវុធចុះ។

លោក Ali Nasary ប្រធានទំនាក់ទំនងកិច្ចការបរទេសរបស់ចលនា NRF បានប្រាប់ដល់កម្មវិធីថ្ងៃនេះ ឬ Today Programme របស់បណ្ដាញផ្សព្វផ្សាយ BBC Radio 4 កាលពីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា កងកម្លាំងភេរវករតាលីបង់ មិនអាចវាយដណ្ដើម កាន់កាប់តំបន់ជ្រលងភ្នំផេនសៀរ នេះ បានទេ។

លោក Ali Nasary ប្រធានទំនាក់ទំនងកិច្ចការបរទេសរបស់ចលនា NRF បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃកន្លមកនេះ កងកម្លាំងរបស់តាលីបង់ កំពុងតែព្យាយាមវាយប្រហារ មកលើជ្រលងភ្នំផេនសៀរនេះ ចំនួន៣មុខព្រួញ។ ពួកតាលីបង់ មិនសំណាងនោះឡើយ ហើយវាជាភ័ព្វសំណាងខ្លាំងណាស់ សម្រាប់ចលនាតស៊ូ NRF ព្រោះគ្រប់ការវាយប្រហាររាល់លើក ត្រូវបានកម្លាំងរបស់យើង រារាំងជាប់រហូត។ តាលីបង់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជាការពិត ពួកតាលីបង់ បានដកកងកម្លាំងរបស់ពួកគេ ថយទៅវិញ ចម្ងាយប្រហែលជិត៥០គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ចលនាតស៊ូ NRF ក៏បានដណ្ដើមកាន់កាប់ស្រុក ចំនួន៣បន្ថែមទៀត។

ទោះយ៉ាងណា នៅពេលសួរថា តើក្រុមចលនាតស៊ូ NRF អាចបន្តរារាំងក្រុមតាលីបង់ ដែលឥឡូវនេះមានលទ្ធភាពប្រើប្រាស់គ្រឿងសព្វាវុធយោធារបស់សហរដ្ឋអាមេរិក បន្សល់ទុកបានដែរឬទេ? លោក Ali Nasary ប្រធានទំនាក់ទំនងកិច្ចការបរទេសរបស់ចលនាតស៊ូ បានទទួលស្គាល់ថា កងកម្លាំងខ្លាំង មិនផ្អែកតែទៅលើគ្រឿងសព្វាវុធប៉ុណ្ណោះទេ តែអ្វីដែលសំខាន់បំផុត គឺមានឆន្ទៈ ក្នុងការប្រយុទ្ធ។ ទោះជាយ៉ាងណា NRF បានសុំជំនួយបន្ថែម ក្នុងការគាំទ្រដល់ការប្រយុទ្ធរបស់ពួកគេ។ អ្វីដែលយើងកំពុងតែសុំជំនួយនោះ ក៏ដោយសារយើងត្រូវប្រឈមច្រើន ហើយមិនត្រឹមតែពួកតាលីបង់ប៉ុណ្ណោះទេ ប៉ុន្ដែយើងថែមទាំងប្រយុទ្ធជាមួយនឹងបណ្ដាញភេរវកម្មអន្ដរជាតិ…ថែមទៀតផង។

ក្រុមប្រយុទ្ធរបស់រណសិរ្សចលនាតស៊ូជាតិ (NRF) បានបញ្ជាក់បន្ថែមថា «ការវាយប្រយុទ្ធនាពេលនេះ មិនមែនជាសង្គ្រាមស៊ីវិលនោះទេ ប៉ុន្ដែវាជាសង្រ្គាមប្រឆាំងនឹងភេរវកម្ម ដែលយើងកំពុងតែប្រយុទ្ធតែម្នាក់ឯង ហើយមិនមានអ្នកណាជួយដល់ពួកយើង ឬផ្ដល់ជំនួយដល់ពួកយើង នៅក្នងកាលៈទេសៈនេះ។

ក្រោយការដួលរលំ នៃរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នោះមក អនុប្រធានាធិបតី នៃរដ្ឋាភិបាលទីក្រុងកាប៊ូលនោះ បានរត់ទៅកាន់ជ្រលងភ្នំផេនសៀរ បង្កើតចលនាតស៊ូមួយ ឈ្មោះ «រណសិរ្យតស៊ូជាតិ» ហៅកាត់ NRF ជាមួយនឹងលោក Ahmad Massoud ។ ប៉ុន្ដែនៅពេលនេះ ពួកគេកំពុងតែវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមជាមួយនឹងកងកម្លាំងរបស់តាលីបង់ ខណៈមេដឹកនាំតាលីបង់ កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី នៅលើទឹកដីអាហ្វហ្គានីស្ថាន។

រណសិរ្សតស៊ូជាតិ (NRF) នេះ ដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់មេបញ្ជាការជនជាតិអាហ្វហ្គានីស្ថាន លោក Ahmad Shah Massoud ដែលបានជួយបណ្ដេញកងកម្លាំងសហភាពសូវៀត ឲ្យចេញពីទឹកដីអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងឆ្នាំ១៩៨៩ ហើយនាំឲ្យមានចលនាតស៊ូប្រឆាំងនឹងតាលីបង់ ដែលកាលពីមុនបានគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ មុនពេលសហរដ្ឋអាមេរិក បានបណ្ដេញចេញពីអំណាច។ ជ្រលងភ្នំនេះ ជាមូលដ្ឋានដ៏រឹងមាំរបស់ចលនាតស៊ូ តាំងពីសម័យសហភាពចូលមកលុកលុយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយកងកម្លាំងបរទេស មិនអាចគ្រប់គ្រងតំបន់នេះ បានឡើយ ព្រោះវាជាទីតាំងដ៏ល្អ សម្រាប់ចលនាតស៊ូ៕