រាជធានីភ្នំពេញ ៖ ក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែរំពឹងថា អ្នកដទៃដែលអ្នកធ្លាប់ស្គាល់ជាមនុស្សគួរឲ្យទុកចិត្ត ហើយពួកគេនឹងអាចយកចិត្តទុកដាក់ចំពោះខ្លួន ខណៈតាមការពិតមនុស្សដែលយកចិត្តទុកដាក់ចមពោះអ្នកអាចមានចំនួនតិចតួចតែប៉ុណ្ណោះ ហើយមនុស្សដែលស្គាល់អ្នក ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះអ្នកនោះគេមិនខ្វល់ថាអ្នកធ្វើអ្វី និយាយអ្វី បង្ហាញអ្វី ឬមានបញ្ហាអ្វីក៏ដោយ។

យ៉ាងណាមិញ មានមនុស្ស ៣ប្រភេទដែលមិនដែលយកចិត្តទុកដាក់ចំពោះយើង ហើយពួកគេទាំងនោះមានដូចជា៖
១. មិត្តភក្តិដែលស្គាល់នៅលើបណ្តាញសង្គម ៖ អ្នកប្រហែលអាចនឹងស្គាល់នរណាម្នាក់នៅលើបណ្តាញសង្គមណាមួយ ហើយអ្នកក៏អាចមានអារម្មណ័ថាគេទាំងនោះជាមនុស្សល្អ ជាមនុស្សដែលអាចចែករំលែកបញ្ហាផ្ទាល់ខ្លួនទៅកាន់ពួកគេ ក៏ប៉ុន្តែសូមងាកត្រឡប់មកគិតសារជាថ្មី មិត្តភក្តិដែលអ្នកបានស្គាល់តែនៅលើបណ្តាញសង្គមគេមិនដែលសូម្បីតែគិតថានឹងយកចិត្តទុកដាក់ចំពោះបញ្ហារបស់អ្នក ពួកគេគ្រាន់តែបង្ហាញអារម្មណ៍ធម្មតានៅពេលដែលដឹងថាអ្នកកំពុងតែជួបវិបត្តិ ឬគ្រាន់តែសរសេរពាក្យថាសោកស្តាយមកកាន់អ្នកតែប៉ុណ្ណោះ។

២.​ សាច់ញាតិខ្លះ ៖ នៅពេលអ្នកមានទ្រព្យសម្បត្តិសាច់ញាតិនឹងមករកអ្នកប៉ុន្តែនៅពេលអ្នកមានបញ្ហាមនុស្សទាំងនោះនឹងផ្តាច់ទំនាក់ទំនងជាមួយអ្នកភ្លាមៗ។ លើសពីនេះទៅទៀតវាល្អប្រសើរប្រសិនបើគ្មានពួកគេ ព្រោះថាពេលខ្លះពួកគេថែមទាំងនិយាយដើមអ្នកនិងគ្រួសារអ្នកទៀតផង។

៣. មិត្តរួមថ្នាក់ចាស់ៗមួយចំនួន ៖ បន្ទាប់ពីចេញពីសាលាយើងនឹងមានការងារផ្ទាល់ខ្លួននិងជីវិតផ្ទាល់ខ្លួន មិនយូរមិនឆាប់ម្នាក់ៗនឹងមានគ្រួសារ ហើយនឹងមានអ្នកមានឬអ្នកក្រជាដើមក្នុងចំណោមមិត្តភក្តិទាំងនោះ។ ពេលវេលាកន្លងផុតទៅនឹងបង្ហាញថាមិត្តភក្តិរួមថ្នាក់ចាស់ៗមួយចំនួនគេពុំបានខ្វល់ ឬយកចិត្តទុកដាក់ចំពោះយើងទាំងអស់គ្នានោះឡើយ បើទោះបីជាអ្នកកំពុងតែជួបប្រទះបញ្ហា ឬវិបត្តិអ្វីមួយក៏ដោយ៕
អត្ថបទដោយ ៖ ប៊ុត បឋវី