រាជធានីបាងកក៖ ក្រោយពេលទទួលបានជោគជ័យ នៅក្នុងការសាកល្បង ដំណាក់កាលទី១រួចមក ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Chulalongkorn នៅប្រទេសថៃ បានចាប់ផ្ដើមសាកល្បងទៅលើមនុស្ស នៅក្នុងដំណាក់កាលទី២ ហើយវ៉ាក់សាំង ដែលថៃបង្កើតឡើង ដោយខ្លួនឯងនេះ គឺមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីគ្រប់ប្រភេទ ក៏ដូចជា Delta ផងដែរ។

សារព័ត៌មាន The Nation Thailand បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ថា សាកលវិទ្យាល័យចូឡាឡុងកន (Chulalongkorn) បានចាប់ផ្ដើមដំណើរការសាកល្បងវ៉ាក់សាំង Chula-Cov19 mRNA ទៅលើមនុស្ស ក្នុងដំណាក់កាលទី២។ ការសាកល្បងវ៉ាក់សាំង Chula-Cov19 mRNA ទៅលើអ្នកស្ម័គ្រចិត្ត រកឃើញថា អង់ទីគ័រ (អង្គបដិប្រាណ) កើនឡើងច្រើន អាចប្រឆាំងនឹងវីរុសកូវីដ-១៩បាន។

សាកលវិទ្យាល័យជូឡាឡុងកន បានឲ្យដឹងថា ការសាកល្បងវ៉ាក់សាំងរបស់ខ្លួន នៅក្នុងដំណាក់កាលទី១ បានបង្ហាញ ពីប្រសិទ្ធភាព ប្រឆាំងនឹងវីរុសគ្រប់ប្រភេទ។ វ៉ាក់សាំង Chula-Cov19 mRNA សង្ឃឹមថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ ហៅកាត់ FDA នឹងចុះឈ្មោះ ចូលក្នុងបញ្ជី នៅក្នុងខែមេសា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត Kiat Ruxrungtham នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង Chula-Cov19 mRNA និងជាអ្នកបង្កើតមជ្ឈមណ្ឌលវ៉ាក់សាំង Chula តាមដានវ៉ាក់សាំង ChulaCov-19 បានបញ្ជាក់ថា វ៉ាក់សាំង ដែលបង្កើតឡើង ដោយសាកលវិទ្យាល័យចូឡាឡុងកន នៅក្នុងប្រទេសថៃ នេះ មានអង់ទីគ័រឆ្លើយតបយ៉ាងខ្លាំង គឺល្អ ដូចជា វ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក ដែរ។ លើសពីនេះទៅទៀត វ៉ាក់សាំង Chula-Cov19 អាចរក្សាទុក ក្នុងរយៈពេលវែង ជាងវ៉ាក់សាំងប្រភេទ mRNA ដទៃទៀត។

ក្រុមអ្នកស្រាវជ្រាវ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានប្រកាស ពីលទ្ធផលគួរជាទីពេញចិត្ត ចំពោះការសាកល្បង នៅក្នុងដំណាក់កាលទី១ ទៅលើអ្នកស្ម័គ្រចិត្ត ចំនួន៧២នាក់ ដោយ៣៦នាក់ មានអាយុ ចន្លោះពី១៨-៥៥ឆ្នាំ ហើយ៣៦នាក់ផ្សេងទៀត មានអាយុចន្លោះពី៦៥-៧៥ឆ្នាំ។ ក្រោយសាកល្បងវ៉ាក់សាំង ប្រភេទ mRNA នៅក្នុងដំណាក់កាលទី១ រកឃើញអង់ទីគ័រការពារប្រឆាំងនឹងរោគសញ្ញាកូវីដ-១៩ រហូតដល់៩៤ភាគរយ ដោយមានអង់ទីគ័រខ្ពស់។ វ៉ាក់សាំងនេះ បានជួយជំរុញភាពស៊ាំ T-cell ដែលអាចជួយសម្លាប់វីរុស នៅក្នុងកោសិកា នៃអ្នកឆ្លងវីរុសកូវីដ-១៩។

ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យចូឡាឡុងកន បានបន្ដថា វ៉ាក់សាំង ដែលកំពុងតែបង្កើតឡើង ដោយសាកលវិទ្យាល័យចូឡាឡុងកន មានប្រសិទ្ធភាព ទប់ទល់ប្រឆាំងនឹងវីរុសកូវីដ-១៩ដំបូង ក៏ដូចជា វីរុសបំប្លែងខ្លួនថ្មីចំនួន៤ប្រភេទធំៗផ្សេងទៀត រួមមាន Alpha, Beta, Gamma និង Delta ។ បច្ចុប្បន្ន គេរកឃើញអ្នកឆ្លងថ្មីជាង៩០ភាគរយ នៅក្នុងប្រទេសថៃ ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Delta ។

អ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងនេះ នឹងលេចឡើងនូវអាការមួយចំនួន នៅក្នុងរយៈពេល៧ថ្ងៃ ក្រោយការចាក់វ៉ាក់សាំង រួមមាន ឈឺនៅត្រង់កន្លែងចាក់ ផ្ដាសាយតិចតួច និង គ្រុនក្ដៅ ក្រោយការចាក់លើកទី២ ក្នុងរយៈពេល១-៣ថ្ងៃ។ បច្ចុប្បន្នវ៉ាក់សាំងនេះ ក្លាយជាវ៉ាក់សាំងប្រភេទ mRNA លើកដំបូងបង្អស់ នៅតំបន់អាស៊ី-អាគ្នេយ៍ (អាស៊ាន)៕