រាជធានីបាងកក៖ ថ្វីត្បិតតែនៅក្នុងប្រទេសថៃ មានការឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ចន្លោះពី១៥ ០០០ -ជាង២០ ០០០នាក់ក្ដី ប៉ុន្ដែអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសថៃ (CAAT) មានគោលបំណង អនុញ្ញាតឲ្យដំណើរការហោះហើរ តាមផ្លូវអាកាសឡើងវិញ នៅក្នុងខែកញ្ញា ដែលនឹងមកដល់នៅពេលដ៏ឆាប់ៗខាងមុនេះ។

សារព័ត៌មានថៃ The Nation Thailand បានចេញផ្សាយ នៅថ្ងៃទី៣០ ខែសីហា ថា អាជ្ញាធឬអាកាសចរណ៍ស៊ីវិល នៃប្រទេសថៃ ហៅកាត់ CAAT បានប្រកាស កាលពីថ្ងៃសៅរ៍ (ទី២៩ ខែសីហា) ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍នានា អាចប្រតិបត្ដិការដឹកអ្នកដំណើរ តាមផ្លូវអាកាស រវាងខេត្តក្រហមទុំ ចំនួន២៩។ ប្រតិបត្ដិការនេះ ត្រូវធ្វើឲ្យប្រាកដ អំពីវិធានការគ្រប់គ្រងជំងឺឲ្យបានម៉ឺងហ្មត់។

ការប្រកាសរបស់ CAAT បែបនេះ បានកើតឡើង ក្រោយពេលមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែសីហា បានប្រកាស ពីការបន្ធូរបន្ថយនូវការរឹតត្បិតនូវការធ្វើដំណើរ តាមផ្លូវអាកាស នៅក្នុងប្រទេសថៃ។ អ្នកដំណើរ ត្រូវបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំង ឬលទ្ធផលតេស្ដអវិជ្ជមាន តាមតម្រូវការ នៅក្នុងខេត្តគោលដៅមួយចំនួន។ ដោយឡែក ខេត្ដពណ៌ក្រហមទុំ ទាំង២៩នោះ រួមមាន ទីក្រុងបាងកក, ខេត្ត Kanchanaburi, Chonburi, Chachoengsao, Nakhon Pathom, Nakhon Nayok, Nakhon Ratchasima, Narathiwat, Nonthaburi, Pathum Thani, Prachuap Khiri Khan, Prachinburi, Ayutthaya, Phetchaburi, Pattani, Phetchabun, Yala, Rayong, Ratchaburi, Lop Buri, Songkhla, Singburi, Samut Prakan, Samut Songkhram, Samut Sakhon, Saraburi, Suphanburi, Tak និងខេត្ត Ang Thong ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសថៃ (CAAT) បានបញ្ជាក់ថា CAAT អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អាចដឹកអ្នកដំណើរ រហូតដល់ទៅ៧០ភាគរយ នៃចំណុះសមត្ថភាពយន្ដហោះអាចផ្ទុកបាន ខណៈពីមុន អនុញ្ញាតឲ្យដឹកអ្នកដំណើរតែត្រឹម៥០ភាគរយប៉ុណ្ណោះ ។ ប៉ុន្ដែទោះជាយ៉ាងណា CAAT នៅតែហាមឃាត់ការបរិភោគអាហារ និងភេសជ្ជៈ នៅលើយន្ដហោះដដែល៕