បរទេស៖ ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) បានអះអាងថា កូរ៉េខាងជើងកំពុងតែចាប់ផ្ដើមដំណើរការម៉ាស៊ីនរែអាក់ទ័រ ផលិតសារធាតុផ្លុយតូញ៉ូម ផលិតអាវុធនុយក្លេអ៊ែរ។

សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី៣០ ខែសីហា ថា ការចរចារំសាយអាវុធនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានជាប់គាំង ក្រោយពេលទីក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង រំសាយចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយរុះរើទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅ Yongbyon ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែមានការស្ទាក់ស្ទើរ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មជាលើកដំបូង ដែលបណ្តាលឱ្យខូចខាតដល់កិច្ចព្រមព្រៀងនេះ។

ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានថ្លែងថា កូរ៉េខាងជើង ទំនងជាកំពុងតែចាប់ផ្ដើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង សម្រាប់ចម្រាញ់សារធាតុផ្លុយតូញ៉ូម (Plutonium) សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ IAEA បានសរសេរ នៅក្នុងរបាយការណ៍ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើង មិនបានដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅឯរោងចក្រ Yongbyon ទេ។ ប៉ុន្តែចាប់ពីដើមខែកក្កដា ឆ្នាំ២០២១មក កូរ៉េខាងជើង បានចាប់ផ្ដើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ។ សកម្មភាពនេះ ទំនងជាកូរ៉េខាងជើង កំពុងតែដំណើរការផលិតសារធាតុផ្លុយតូញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

IAEA បានបន្ថែមថា ភ្នាក់ងារថាមពលថអាតូមិក មិនអាចចូលទៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបណ្ដេញមន្ត្រីអធិការកិច្ច នៃ IAEA ចេញតាំងពីឆ្នាំ២០០៩មកម៉្លេះ។ IAEA ជឿថា កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលអាចនាំឲ្យប្រទេសឯកោមួយនេះ ធ្វើតេស្ដមីស៊ីលជាថ្មី នាពេលខាងមុខនេះ។ កូរ៉េខាងជើង បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចុងក្រោយបំផុតរបស់របស់ខ្លួន កាលពី២០១៧។

រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្យាយាមចរចារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយនឹងលោក គឺម ជុងអ៊ុន ចំនួន២លើក គឺនៅសិង្ហបុរី និងវៀតណាម ប៉ុន្ដែការចរចានោះមិនទទួលបានជោគជ័យនោះឡើយ។ ចូលមកដល់រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏នៅតែព្យាយាមចរចា ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងបន្ដទៀត ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ៕