រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការវាយប្រហារគ្រាប់បែកអត្ដឃាត សម្លាប់យ៉ាងរង្គាល នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នោះមក សពយុ
ទ្ធជនសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនតាមយន្ដហោះយោធា វិលត្រឡប់ទៅដល់ប្រទេសកំណើតវិញ ហើយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងមន្រ្ដីជាន់ខ្ពស់របស់ប្រទេសមហាអំណាចមួយនេះជាច្រើននាក់ ក៏បានទៅគោរពផងដែរ។

បើតាមសារព័ត៌មាន VOA ជាភាសាអង់គ្លេស បានផ្សាយ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចូលរួម នៅក្នុងពិធីបញ្ជូនសពរបស់កងទ័ពសហរដ្ឋអាមេរិក ដែលបានស្លាប់ នៅក្នុងការវាយប្រហារគ្រាប់បែកអត្ដឃាត នៅអាហ្វហ្គានីស្ថាន។ ពិធីនេះ បានធ្វើឡើង នៅមូលដ្ឋានកងទ័ពអាកាស Dover ស្ថិតក្នុងទីក្រុង Dover រដ្ឋ Delaware សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី២៩ ខែសីហា ឆ្នាំ២០២១)។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រីទី១ និងលោក Lioy Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិបានជួបជុំជាមួយនឹងគ្រួសាររបស់សពយុទ្ធជនទាំង១៣នាក់ ដែលបានស្លាប់ នៅក្នុងទីក្រុងកាប៊ូល។ យុទ្ធជនសហរដ្ឋអាមេរិកទាំង១៣នាក់នេះ មានអាយុចន្លោះពី២០-៣១ឆ្នាំ។

ការវាយប្រហារដោយគ្រាប់បែកអត្ដឃាត នៅខាងក្រៅអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល កាលពីថ្ងៃទី២៦ ខែសីហា នេះ បានសម្លាប់មនុស្សយ៉ាងតិច ១៧០នាក់ និងកងទ័ពសហរដ្ឋអាមេរិក ចំនួន១៣នាក់។ ក្រោយការវាយប្រហារនេះ ក្រុមរដ្ឋអ៊ិស្លាម IS-K បានចេញមុខអះអាងថា ពួកគេជាអ្នករៀបចំវាយប្រហារ និងបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាចំនួន២លើក។

ថ្លែងទាំងការរំជួលចិត្ត ចេញពីសេតវិមាន លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្ដេជ្ញាសងសឹក និង ឲ្យក្រុមភេរវករទូទាត់សងបំណុលឈាមនេះ។ មួយថ្ងៃ ក្រោយការវាយប្រហារគ្រាប់បែកអត្ដឃាត កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជាយន្ដហោះគ្មានមនុស្សបើកបរ វាយប្រហារទៅលើគោលដៅរថយន្ដមួយគ្រឿង ដែលសហរដ្ឋអាមេរិកជឿជាអ្នករៀបចំគម្រោងវាយប្រហារអត្ដឃាត។ មនុស្ស២នាក់ នៅក្នុងរថយន្ដ ត្រូវបានសម្លាប់ដោយការវាយប្រហារពីយន្ដហោះគ្មានមនុស្សបើកបររបស់សហរដ្ឋអាមេរិក។

លោក ចូ បៃដិន បានបញ្ជាក់ថា ការវាយប្រហារ ពីយន្ដហោះគ្មានមនុស្សបើកបរទៅលើពួកភេរវករ គ្មានទីបញ្ចប់។ ស្របនឹងការថ្លែងរបស់លោក ប្រធានាធិបតីនេះ កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែសីហា ក៏បានវាយប្រហារទៅលើគោលដៅមួយកន្លែងទៀត នៅក្នុងទីក្រុងកាប៊ូ ដោយបានសម្លាប់មនុស្សម្នាក់។ ប៉ុន្ដែបណ្ដាញផ្សព្វផ្សាយជាច្រើន បានផ្សាយថា ការវាយប្រហារពីយន្ដហោះគ្មានមនុស្សបើកបររបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សមួយគ្រួសារ ដែលមានសមាជិក ចំនួន៩នាក់៕