បរទេស៖ មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា យន្ដហោះគ្មានមនុស្សបើកបររបស់កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារ នៅក្នុងទីក្រុងកាប៊ូល ដើម្បីរារាំងការវាយប្រហារអត្ដឃាតសម្លាប់យ៉ាងរង្គាល នៅអាកាសយានដ្ឋានអន្ដរជាតិទិក្រុងកាប៊ូល។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៣០ ខែសីហា ដោយដកស្រង់សម្ដីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ថា ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើយានយន្ដមួយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ដែលពាក់ព័ន្ធនឹងបណ្ដាញសាខាអាហ្វហ្គានីស្ថាន នៃក្រុមរដ្ឋអ៊ិស្លាម។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានព្រមានពីការវាយប្រហារអាចនឹងកើតមានទៀត ដោយសារការជម្លៀសថយចុះ។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងនៅតែរក្សាការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ចេញពីអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល ប្រទេសអាស៊ីកណ្ដាលមួយនេះ រហូតដល់ដំណាកាលចុងក្រោយ។ កាលបរិច្ឆេទសម្រាប់បេសកកម្មជម្លៀស នៅថ្ងៃទី៣១ ខែសីហា ត្រូវបានព្រមព្រៀងគ្នា រវាងសហរដ្ឋអាមេរិក និងតាលីបង់ ដែលបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានស្ទើរទាំងស្រុង៕