រដ្ឋធានីមូស្គូ៖ ក្រៅពីរត់ប្រណាំងគ្រឿងសព្វាវុធជាមួយនឹងលោកខាងលិចនោះ រហូតមកដល់ពេលនេះ អតីតបងធំលេខ១ខាងប្លុកកុម្មុយនីស្ដ កំពុងតែមានគម្រោងផលិតរថយន្ដប្រើប្រាស់ប្រព័ន្ធអគ្គិសនី នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ សម្រាប់ប្រកួតប្រជែងទីផ្សាររថយន្ដអគ្គិសនីជាមួយនឹងលោកសេរី។

បើតាមសារព័ត៌មាន RT បានចេញផ្សាយថា បើតាមលោក Nicolas Maure ប្រធាន និងនាយកប្រតិបត្ដិក្រុមហ៊ុន AvtoVAZ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតរបស់រុស្ស៊ី AutoVAZ មានគម្រោងបង្កើនការផលិតរថយន្ដអគ្គិសនី Lada ថ្មី នៅក្នុងឆ្នាំ២០២៧-២០២៨។

លោក Nicolas Maure ប្រធាន និង នាយកប្រតិបត្ដិក្រុមហ៊ុន AvtoVAZ បានថ្លែង នៅក្នុងវេទិការថយន្ដអន្ដរជាតិទីក្រុងមូស្គូ ហៅកាត់ IMAF-2021 ថា ក្រុមហ៊ុនរបស់លោកមានគម្រោងជាច្រើន សម្រាប់ការផលិតរថយន្ដអគ្គិសនី ហើយយើងនឹងពិភាក្សាជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ រថយន្ដអគ្គិសនីទាំងនេះ ក៏មិនមែនជាម៉ូដែល Lada Ellada មុនរបស់ក្រុមហ៊ុនដែរ ប៉ុន្ដែវាជារថយន្ដអគ្គិសនីស៊េរីថ្មីរបស់រុស្ស៊ី ផលិតដោយក្រុមហ៊ុន AvtoVAZ ហើយធ្លាប់បានបង្ហាញជាសាធារណៈ កាលពីអំឡុងឆ្នាំ២០១១។

បើតាមគម្រោងរបស់ក្រុមហ៊ុន AvtoVAZ បានឲ្យដឹងថា នៅចុងទសវត្សរ៍នេះ ក្រុមហ៊ុន AvtoVAZ ផលិតរថយន្ដបានចំនួន១០ភាគរយ នៃរថយន្ដអគ្គិសនីទាំងអស់របស់រុស្ស៊ី។ AvtoVAZ ជាក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុត នៅរុស្ស៊ី និង អឺរ៉ុបខាងកើត មានសមត្ថភាពផលិតយានយន្ដ ជិត១លានគ្រឿង ក្នុង១ឆ្នាំ។ ក្រុមហ៊ុននេះបានត្រៀមខ្លួនរួចជាស្រេច ធ្វើឲ្យមានលំនឹងចំណែកទីផ្សារ នៅក្នុងប្រទេសដែលជារដ្ឋឯករាជ្យ (CIS) ផ្ដាច់ចេញពីអតីតសហភាពសូវៀត រួមមាន អាហ្ស៊ែរបៃហ្សង់ (Azerbaijan), អាមេនៀ (Armenia), ប៊ែឡារុស (Belarus), ហ្សកហ្ស៊ី (Georgia), កាហ្សាក់ស្ថាន (Kazakhstan), គីជីស្ថាន (Kyrgyzstan), ម៉ូលដូវ៉ា (Moldova), រុស្ស៊ី (Russia), តាជីគីស្ថាន (Tajikistan), ធឺរមេនីស្ថាន (Turkmenistan), អ៊ុយប៊ែគីស្ថាន (Uzbekistan) និងអ៊ុយក្រែន (Ukraine)។

ក្រុមហ៊ុនផលិតរថយន្ដដ៏ធំបង្អស់របស់រុស្ស៊ីមួយនេះ បានបន្ថែមថា ក្រៅពីនាំទៅកាន់ប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត ទាំងនេះ ក្រុមហ៊ុន AvtoVAZ ក៏នឹងនាំចេញរថយន្ដអគ្គិសនីរបស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ អ៊ីរ៉ង់ ស៊ីរី អេហ្ស៊ីប និងហុងគ្រី។ បន្ថែមពីលើនេះ ក្រុមហ៊ុន ចង់ពង្រីកការនាំចេញរថយន្ដរបស់ខ្លួនទៅកាន់ប្រទេសឆែក ម៉ុងហ្គោលី និងអាស៊ី-អាគ្នេយ៍ (អាស៊ាន) ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន AvtoVAZ បានចាប់ផ្ដើមនាំចេញរថយន្ដរបស់ខ្លួនទៅកាន់ប្រទេសចិន និង អារ៉ាប់រួម (United Arab Emirates)។

ក្រុមហ៊ុន AvtoVAZ គឺជាផ្នែកមួយ នៃសម្ព័ន្ធរថយន្ដ Renault, Nissan, Mitsubishi ហើយផលិតរថយន្ដ ក្រោមស្លាករថយន្ដចំនួន៤ រួមមាន Lada, Renault, Nissan និង Datsun។ នៅក្នុងឆ្នាំ២០១៩ រថយន្ដ Lada បានជាប់ឈ្មោះ ក្នុងចំណោមរថយន្ដកំពូល៥០របស់ពិភពលោក។ ក្រោមប្រែន Lada បានផលិតរថយន្ដម៉ូដែលចំនួន៥ រួមមាន Vesta, XRAY, Largus, Granta, and Niva. ប្រែនរថយន្ដនេះ បាននាំមុខគេ នៅក្នុងទីផ្សារថយន្ដ នៅក្នុងប្រទេសរុស្ស៊ី ដោយមានចំណែកទីផ្សារ ជាង២០ភាគរយ ហើយបង្ហាញវត្ដមាន នៅក្នុងចំណោមប្រទេសជាង២០៕