ខេត្តសៀមរាប៖ អ្នកណាមិនល្បីករណីមេឈ្មួញរកស៊ីឈើដុះស្លែឈ្មោះ ថៃ ដែលជំនាញខាងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើ យ៉ាងគគ្រឹកគ្រេង តែពីមុនមកគ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អកឡើយ ព្រោះចាញ់មន្តសណ្តំរបស់ឈ្មួញរកស៊ីដឹកឈើនេះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុគ្គលឈ្មោះ ថៃ បានដឹកជញ្ជូនឈើ ដោយសេរីរៀងរាល់ថ្ងៃ ទើបតែមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ទំនងជាដឹកឈើប្រណិតច្រើនពេក រហូតរថយន្តទ្រទម្ងន់មិនរួច បែកកង់មុខបើកទៅលេងរួច ក៏ផ្លុងរថយន្ដចោល ត្រូវបានពលរដ្ឋប្រទះឃើញសុទ្ធតែឈើប្រណិត ។

ប្រភពបន្តថា ឈ្មួញរកស៊ីឈើឈ្មោះថៃ គ្មានតួនាទី ឬ បុណ្យស័ក្តិទាំងអស់ក្នុងជួរកងទ័ព ប៉ុន្ដែបុគ្គលនេះ សម្បូរក្រដាសដុល្លារ និងបក្ខពួកខែ្សបណ្តាញ ទើបមានលទ្ធភាពយករថយន្ដត្រីអ៊ី ពាក់ស្លាក ខេមរភូមិន្ទ 2 4412 មកដឹកជញ្ជូនឈើខុសច្បាប់ ដោយសេរី និងរលូន។

មហាជនសូមស្នើដល់ឯកឧត្តម សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ីបអង្កេតចំពោះអ្នកយករថយន្ដ ពាក់ស្លាលេខ ខេមរភូមិន្ទ ទៅប្រើប្រាស់ដឹកជញ្ជូនឈើខុសច្បាប់នេះ ហើយមានអ្នកណាខ្លះពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ថៃ នេះ ដើម្បីចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕