ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៩និង០០នាទីយប់ មានបុរសម្នាក់ឈ្មោះ ងួន លី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានថតផ្លែមៀនបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារញុះញង់បំផុសបំផុលអោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើចំណាត់ការរបស់រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ។

បុគ្គលខាងលើក៏បានព្យាយាមថតវីដីអូចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ជាមួយម្ចាស់ចំការមៀន។ លុះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុគ្គលខាងលើឈ្មោះ ងួន លី ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ នៅពេលនេះ សមត្ថកិច្ចជំនាញបានរៀបចំបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕