រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ រាប់សិបនាក់ បានចុះបង្ក្រាបទីតាំងលេងបញ្ជល់មាន់ បៀ អាប៉ោង នៅចំណុចវាលស្រែ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ តែដឹងអី គ្រាន់តែឃើញសមត្ថកិច្ច អ្នកញៀនល្បែងស៊ីសងទាំងនោះ នាំគ្នាចែកជើងគ្នាអស់ បន្សល់តែរថយន្តចំនួន២គ្រឿង ម៉ូតូ៥គ្រឿង មាន់គកមួយក្បាល ឲ្យសមត្ថកិច្ច។

សមត្ថកិច្ច បានឲ្យដឹងថា ពេលកម្លាំងចម្រុះរបស់ខណ្ឌដង្កោ ចុះទៅដល់ស្រាប់តែអ្នកញៀនល្បែងទាំងនោះរត់បាតជើងសចែកផ្លូវគ្នាអស់ ទើបសមត្ថកិច្ចចាប់មិនបាន តែយ៉ាងណា សមត្ថកិច្ច បានដកហូតរថយន្តចំនួន២គ្រឿង ដោយ១គ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8779 និង ១គ្រឿងទៀត ម៉ាក Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-4775 ម៉ូតូចំនួន៥គ្រឿង និងមាន់គក១ក្បាល ។

វត្ថុតាងទាំងនេះ ត្រូវកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ធ្វើកំណត់ហេតុ បញ្ជូនមករក្សាទុក ដើម្បីឲ្យចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ P19