បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី បានផ្ទុះការឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំង ហើយប្រទេសទាំង២នេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាង១ ០០០នាក់ដូចគ្នា។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ១១៤ ០៦៦នាក់ និង មានករណីស្លាប់ថ្មី ១ ០៣៨នាក់ ។ ប្រទេសមហាអំណាចមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣៨,៩លាននាក់ (៣៨ ៩៣៣ ៦៨១នាក់) ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៨ ០២៨នាក់ និង មានអ្នកជាសះស្បើយ ជាង៣០,៦លាននាក់ (៣០ ៦ ១៧ ៤៧៩នាក់) ។

ឥណ្ឌូនេស៊ី រកឃើញករណីឆ្លងថ្មី ១៩ ១០៦នាក់ និងមានករណីស្លាប់ថ្មី ១ ០៣៨នាក់។ បច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក ។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤លាននាក់ (៤ ០០៨ ១៦៦នាក់) ហើយក្នុងនោះមានអ្នកស្លាប់ ១២៨ ២៥២នាក់ និងមានអ្នកជាសះស្បើយ ជាង៣,៦លាននាក់ (៣ ៦០៦ ១៦៤នាក់)។

ដោយឡែកចិនជាប្រភពដើម នៃជំងឺកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៣៥នាក់ តែមិនមានករណីស្លាប់ថ្មីនោះឡើយ។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ៩៤ ៦៨៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៨៨ ៤១៧នាក់។

ដោយឡែកប្រទេសដែលមានអ្នកឆ្លងច្រើន នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់…ជាដើម៕