បរទេស៖ មេដឹកនាំ នៃក្រុមប្រទេស G7 កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជួបប្រតាមអនឡាញ ពិភាក្សាគ្នា ស្ដីពីបញ្ហាអាហ្វហ្គានីស្ថាន រួមទាំង ការស្វែងរកការបង្កើនកាលបរិច្ឆេទដកកងទ័ព ក្រោយថ្ងៃទី៣១ ខែសីហា និងការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ដែលព្យាយាមរត់ភៀសខ្លួន ចេញពីអាហ្វហ្គានីស្ថាន ហើយបញ្ហាដ៏សំខាន់មួយទៀតនោះ ថាត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលតាលីបង់។

លោក Nicolas Roche មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសបារាំង បានបញ្ជាក់ថា បារាំងនឹងបញ្ចប់ការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រង ដោយតាលីបង់ នៅចុងសប្ដាហ៍នេះ ប្រសិនបើសហរដ្ឋអាមេរិក កំណត់ការដកកងទ័ពទាំងអស់ ចេញពីប្រទេសនេះ នៅថ្ងៃទី៣១ ខែសីហា។

លោក Ben Wallace រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ថា រដ្ឋាភិបាលលោកខាងលិច ទំនងជាមិនបង្កើនពេលវេលាជម្លៀស ដើម្បីអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន និងពលរដ្ឋអាហ្វហ្គានីស្ថាននោះទេ ហើយក៏មិនមានពេលវេលាច្រើន សម្រាប់ការហោះហើរចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ូលដែរ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រឈមនឹងសម្ពាធ ដើម្បីពន្យារកាលបរិច្ឆេទ រហូតដល់ថ្ងៃទី៣១ ខែសីហា សម្រាប់ការជម្លៀសមនុស្សរាប់ម៉ឹននាក់ គេចចេញពីពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈលោកបានជួបប្រជុំជាមួយនឹងមេដឹកនាំ G7 នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ដោយឡែកពួកតាលីបង់ បានបញ្ជាក់ថា ថ្ងៃទី៣១ ខែសីហា គឺស្ថិតនៅលើបន្ទាត់ក្រហម។ ប៉ុន្ដែប្រសិនបើសហរដ្ឋអាមេរិក ពង្រីកកាលបរិច្ឆេទដកកងទ័ព ចេញពីទឹកដីអាហ្វហ្គានីស្ថាន គឺអាមេរិកអាចប្រឈមមុខនឹងផលវិបាកដ៏អាក្រក់។

លោក Boris Johnson នាយករដ្ឋមន្រ្ដីបានធ្វើជាប្រធាន នៅក្នុងកិច្ចប្រជុំបន្ទាន់តាមអនឡាញជាមួយសមភាគី G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះបានផ្ដោតទៅលើវិបត្ដិ នៅអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសពលរដ្ឋចេញពីក្រុងកាប៊ូល។ មេដឹកនាំទាំងនេះ ក៏បានសង្កត់ធ្ងន់ទៅលើរបបគ្រប់គ្រងថ្មី នៅអាហ្វហ្គានីស្ថាន ក្រោមតាលីបង់ផងដែរ។
ទោះជាយ៉ាងណា មេដឹកនាំប្រទេស G7 មិនទាន់បានសម្រេច ថាតើត្រូវគាំទ្រ ឬក៏ដាក់ទណ្ឌកម្មទៅលើរបបគ្រប់គ្រងរបស់តាលីបង់ នៅអាហ្វហ្គានីស្ថាន ឬយ៉ាងណានោះទេទេ៕