រាជធានីភ្នំពេញ ៖ ជីវិតមនុស្សគ្រប់រូបដែលកើតមកហើយរមែងតែងតែជួបនូវរាល់រសជាតិផ្សេងៗដែលព្រហ្មលិខិតធ្វើការសាកល្បង ដើម្បីឲ្យដឹងថាយើងមានភាពរឹងមាំប៉ុនណា អាចជម្នះនូវបញ្ហាទាំងអស់នោះដោយរបៀបណា? នៅពេលដែលយើងអាចជម្នះរាល់បញ្ហាទាំងនោះ ព្រហ្មលិខិតក៏បានទុកនូវមេរៀនមួយដ៏សំខាន់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នាក្រោយពេលវិញ្ញាសាជីវិតត្រូវបានដោះស្រាយ។

មនុស្សមួយចំនួន កាលណាបើបានជួបនូវបញ្ហាជីវិតក៏តែងយករឿងរ៉ាវទាំងនោះមកដាក់សម្ពាធផ្លួវចិត្តខ្លួនឯងឲ្យកាន់តែជោកជាំជាមួយនឹងសេចក្ដីទុក្ខ ហើយពុំព្រមព្យាយាមស្វែងរកដំណោះស្រាយនោះទេ បែរជាអង្គុយបៀមទុក្ខសោករហូតស្ទើរតែពេញមួយជីវិតផងក៏មាន ខណៈអ្នកខ្លះក៏ភ្ញាក់រលឹកទាន់ពេល និងជម្នះរាល់បញ្ហាទុក្ខសោកក្នុងជីវិតបាន។

ក្នុងពិភពលោកនេះ មិនមាននរណាម្នាក់ដែលរស់នៅស្គាល់តែសេចក្ដីសប្បាយរីករាយរហូតនោះទេ ហើយក៏ពុំមាននរណាម្នាក់ដែលត្រូវតែរស់នៅក្នុងជីវិតមួយមានតែបញ្ហាមិនចេះចប់នោះដែរ ព្រោះជីវិតគឺជាការសាកល្បងដើម្បីឲ្យអ្នកមានភាពរឹងមាំជាងមុនតែប៉ុណ្ណោះ៕