រាជធានីភ្នំពេញ ៖ ពិភពលោករបស់យើងគឺមានមនុស្សជាច្រើនរយលាននាក់កំពុងតែរស់នៅ ក្នុងនោះក៏មានមនុស្សស្រីមួយផ្នែកធំដែលមានចំណែកក្នុងការផ្លាស់ប្តូរពិភពលោកឲ្យកាន់តែអស្ចារ្យ និងមានភាពរីកចម្រើនជាលំដាប់ផងដែរ។ ម្យ៉ាងទៀតស្រ្តីដែលអស្ចារ្យគឺមិនត្រឹមតែជាស្រ្តីដែលមានរូបឆោមស្រស់ស្អាតតែម្យ៉ាងនេះទេ ប៉ុន្តែជាស្ត្រីដែលមានលក្ខណៈទាំងចរិត ឬកពា ឥរិយាបថ រួមជាមួយនឹងភាពក្លាហាន រឹងមាំផ្នែកបញ្ញាស្មារតី និងផ្លូវចិត្តផងដែរ។

១.ទំនុកចិត្ត (Confident) ៖ ទំនុកចិត្ត គឺជាផ្នែកមួយដ៏ធំនៃភាពរឹងមាំខាងផ្លូវចិត្ត។ ការដែលមានទំនុកចិត្ត គឺជាសញ្ញាដ៏អស្ចារ្យមួយដែលបង្ហាញថាយើង ស្រឡាញ់ខ្លួនឯង ហើយវាកាន់តែជួយឲ្យយើងឃ្លាតចេញកាន់តែឆ្ងាយអំពីការប្រៀបធៀប។ យើងនឹងសប្បាយចិត្តជាមួយនឹងអ្វីដែលយើងមាន ដូចជាស្បែក(ពណ៌សម្បុរ) ពេលនោះវានឹងធ្វើឲ្យយើងមានសេចក្តីសុខក្នុងចិត្តយ៉ាងពេញលេញ។ ការដែលយើងមានទំនុកចិត្ត គឺជាការលួងលោមខ្លួនឯងដ៏អស្ចារ្យមួយ ហើយនៅពេលដែលយើងធ្វើដំណើរទៅណាមកណា យើងក៏អាចចែករំលែកភាពមានទំនុកចិត្តរបស់យើងទៅកាន់អ្នកដ៏ទៃបានផងដែរ។ ទាំងអស់ខាងនេះគឺបង្ហាញឲ្យឃើញថា ការដែលមានទំនុកចិត្តលើខ្លួនឯងគឺជាសមិទ្ធិផលដ៏គាប់ប្រសើរផ្ទាល់ខ្លួនមួយ។

២. គំនិតបង្កើតថ្មី ៖ យើងតែងតែគិតថារាល់ការធ្វើអ្វីមួយគឺចង់តែទទួលបានជោគជ័យ។ ក្នុងនាមជាស្រ្តីម្នាក់ យើងគួរតែចំណាយពេលវេលាឲ្យបានច្រើនលើការបង្កើតអ្វីដែលថ្មី អ្វីដែលជាប្រយោជន៍ ហើយអាចធ្វើឲ្យខ្លួនរបស់យើងសប្បាយចិត្ត។ ស្រ្តីដែលមានគំនិតវ័យឆ្លាតត្រូវតែចេះផ្តល់សំនួរដល់ខ្លួនឯងថា ថ្ងៃនេះខ្ញុំសមនឹងទទួលបានអ្វី? នេះជាវិធីគិតដ៏ល្អមួយ ប៉ុន្តែក៏ត្រូវគិតឲ្យបានសមស្របជាមួយនឹងអ្វីដែលយើងបានធ្វើទៅ។

៣. សុទិដ្ឋិនិយម និងវិជ្ជមាន ៖ ស្រ្តីដែលមានកម្លាំងចិត្ត គឺជាស្រ្តីដែលយល់ឃើញថាគ្រប់យ៉ាងមិនមែនសុទ្ធតែអាក្រក់នោះទេ។ គ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ នៅពេលដែលយើងគិតបែបនេះទោះបីជាមានបញ្ហាណាមួយដែលពិបាកដោះស្រាយយ៉ាងណាក៏ដោយ ក៏គង់តែយើងអាចស្វែងដំណោះស្រាយដ៏សមរម្យនាវេលាណាមួយមិនខាន។ មិនត្រូវធ្វើឲ្យខ្លួនឯងមានភាពស្មុគស្មាញគិតអ្វីមិនចេញនោះទេ។

៤. ការយកឈ្នះភាពភ័យខ្លាច ៖ ស្រ្តីដែលមានភាពរឹងមាំផ្នែកផ្លូវចិត្ត មិនមែននាងមិនប្រឈមនឹងភាពភ័យខ្លាចនៃបញ្ហាមួយរយភាគរយនោះទេ។ គ្រាន់តែនាងគឺជាមនុស្សដែលព្យាយាមប្រឈមនឹងបញ្ហា និងព្យាយាមយកឈ្នះភាពភ័យខ្លាចទាំងនោះដោយការតាំងសតិ អារម្មណ៍ និងខួរក្បាល។ យើងមិនត្រូវប្រញ៉ាប់ប្រញ៉ាល់ជ្រុលពេកក្នុងការយកឈ្នះភាពភ័យខ្លាចនោះទេ យើងគួរតែចាប់ផ្តើមបោះជំហានមួយៗជាមួយនឹងការតាំងចិត្តឲ្យបានខ្ពស់។

៥. យកចិត្តទុកដាក់ ៖ ស្រ្តីដែលមានស្មារតីរឹងមាំ ជាស្រ្តីដែលអាចថែរក្សាទឹកចិត្តខ្លួនឯងនិងអ្នកដទៃ។ នេះគឺជាភាពចាំបាច់មួយដែលយើងអាចបង្កើតទំនាក់ទំនងដ៏ល្អ ដោយភាពវិជ្ជមានជាមួយខ្លួនយើងនិងអ្នកដទៃផងដែរ។ យើងត្រូវយកចិត្តទុកដាក់ទៅលើភាពត្រឹមត្រូវមួយរវាងខ្លួនឯង និងអ្នកដទៃ និងការដែលធ្វើឲ្យអ្នកដទៃគេមានអារម្មណ៍ពេលនៅក្បែរយើង៕