រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនណាស់ដែលចូលចិត្តនិយាយថា មនុស្សចាស់ត្រូវតែប្រឹងប្រែងបង្រៀនក្មេងជំនាន់ក្រោយឲ្យបានក្លាយខ្លួនធ្វើជាមនុស្សល្អនៅក្នុងសង្គម ខណៈតើអ្វីទៅដែលហៅថាមនុស្សល្អ?

ជាការពិតណាស់មនុស្សល្អ ជាមនុស្សដែលមានចិត្តសប្បុរស មានសណ្តានចិត្តល្អ បរិសុទ្ធ មិនបៀតបៀនអ្នកដទៃ ឬធ្វើឲ្យអ្នកដទៃស្គាល់តែភាពក្តៅក្រហាយព្រោះតែខ្លួន។ មនុស្សល្អ ក៏ជាមនុស្សដែលប្រឹងប្រែងស្វែងរកសុភមង្គលក្នុងជីវិត ហើយពួកគេតែងតែយកសុភមង្គលដាក់ជាគោលដៅ ទាំងសម្រាប់ខ្លួនឯង និងអ្នកដទៃ។

ជាមួយគ្នានេះដែរ មនុស្សល្អក៏ជាមនុស្សដែលពុំចូលចិត្តប្រើការកុហកមកដាក់មុខ ព្រោះការកុហកជាសេចក្ដីមួយនាំមនុស្សទៅរកភាពវិនាស ហិនហោចផងដែរ។ លើសពីនេះមនុស្សល្អពិតប្រាកដ ក៏ជាមនុស្សដែលចេះអត់ឱន អធ្យាស្រ័យឲ្យអ្នកដទៃ និងជាមនុស្សដែលវៀរចាកគំនុំគុំកួនផងដែរ ហើយពួកគេតែងតែអភ័យទោសទៅមនុស្សផ្សេងទៀតអស់ពីចិត្តរបស់ខ្លួន។