រាជធានីភ្នំពេញ ៖ គ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងលោកិយនេះ មិនមែនសុទ្ធតែអាចធ្វើឲ្យជីវិតមនុស្សគ្រប់គ្នារីករាយជាមួយវានោះទេ។ អ្នកខ្លះចង់បានឲ្យខ្លួនមានអាយុវែង មានសុខភាពមាំទាំល្អ ក៏បែរជាឧស្សាហ៍ឈឺ និងឆាប់ស្លាប់ទៅវិញ។ តាមពិតទៅអ្វីៗគ្រប់យ៉ាងដែលកើតមានក្នុងលោកនេះ ឬក្នុងជីវិត មិនមែនសុទ្ធតែអាចមានឡើងបានទៅតាមបំណងប្រាថ្នារបស់ខ្លួននោះទេ ចិត្តចង់បានបែបនោះ ក៏បែរជាបានបែបនេះទៅវិញ ដែលវាជាហេតុធ្វើឲ្យខ្លួន​មានសេចក្ដីក្រៀមក្រំ កើតទុក្ខ និងមិនរីករាយជាមួយអ្វីដែលកើតឡើងជាការពិតនោះ។

មនុស្សយើងគ្រប់គ្នាដែលកើតមកតែងតែមានបំណងប្រាថ្នា ជាក់ស្តែងអ្នកខ្លះចង់ធ្វើជាគ្រូពេទ្យ តែក៏បែរជាបានមកធ្វើជាគ្រូបង្រៀន, អ្នកខ្លះចង់ធ្វើមន្រ្តីរាជការ ក៏បែរជាបានមកធ្វើជាអាជីវកទៅវិញ។ គ្រប់យ៉ាងដែលកើតមានឡើងវាអាចផ្ទុយនឹងបំណងប្រាថ្នារបស់ខ្លួន ប៉ុន្តែអ្នកគួរតែរីករាយជាមួយនឹងវា ហើយព្យាយាមធ្វើវាឲ្យល្អបំផុតនោះអ្នកក៏មិនសូវត្រូវបានសេចក្ដីទុក្ខគ្របសង្កត់ចិត្តប៉ុន្មាននោះទេ។

ការយល់ព្រមទទួលស្គាល់ការពិត គឺពិតជាធ្វើឲ្យមនុស្សពិបាកចិត្តក្នុងពេលខ្លី ហើយក៏អាចរីករាយមកវិញបាននាពេលក្រោយ ប្រសើរជាងរស់នៅជាមួយនឹងការកុហកបោកប្រាស់ខ្លួនងដែលនឹងធ្វើឲ្យជីវិតជួបទុក្ខសោកមិនចេះចប់៕
អត្ថបទដោយ ៖ ប៊ុត បឋវី