រដ្ឋធានីមូស្គូ៖ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចដកទ័ពរបស់ខ្លួនទាំងអស់ ចេញពី​អាហ្វហ្គានីស្ថាន ដែលជាការផ្ដល់ឱកាសដ៏ល្អដល់ពួកឧទ្ទាមតាលីបង់ វាយដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ូល ផ្ដួលរំលំរដ្ឋាភិបាលរួចមក មន្រ្ដីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយបែបចំអកថា បរាជ័យរបស់សហរដ្ឋអាមេរិក នាពេលនេះ ជាសញ្ញាបង្ហាញពីការថយចុះ នៃអនុត្ដរភាពរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ ចំពេលរុស្ស៊ី និងចិន កើនឡើង។

មន្រ្ដីកំពូលរបស់រុស្ស៊ីម្នាក់ បានប្រកាសថា ការដួលរលំ នៃ​ទីក្រុងកាប៊ូល ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់តាលីបង់ មិនមែនជាផ្នែកយុទ្ធសាស្រ្ដនយោបាយចម្បងនោះទេ។ ប៉ុន្ដែវាជាការបង្ហាញលទ្ធផលបរាជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងការចូល​ធ្វើអន្ដរាគមន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​ ដោយសារទីក្រុងមូស្គូយល់ឃើញថា ឧត្ដមភាពរបស់សហរដ្ឋអាមេរិក កំពុងតែរលាយបាត់ ចេញពីដែនដីអាស៊ីកណ្ដាលមួយនេះ។​

លោក Zamir Kabulov ប្រេសិតពិសេសរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ទទួលបន្ទុកដោះស្រាយបញ្ហាវឹកវរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​ បានប្រាប់ដល់ស្ថានីយវិទ្យុមូស្គូ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាម បង្កើតឲ្យមានព្រឹត្ដិការណ៍វឹកវរ ដូចដែលមើលឃើញស្រាប់។ ប៉ុន្ដែលោកគិតថា វាមានបញ្ហានៅខាងក្រោយនេះ ហើយកំពុងតែព្យាយាមទប់លំនឹងការបរាជ័យរបស់អាមេរិក នៅអាហ្វហ្គានីស្ថាន ហើយយកករណីនេះទៅធ្វើជាសកម្មភាព ដូចដែលបានគ្រោងទុក។ លោកសូមលើកយកទឡ្ហីករណ៍ មកបង្ហាញថា ការគួរឲ្យជឿទុកចិត្តនោះ គឺថា កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ទទួលបានការបណ្ដុះបណ្ដាលពីសហរដ្ឋអាមេរិក នឹងអាចមានលទ្ធភាព ទប់ទល់ប្រឆាំងនឹងពួកតាលីបង់ សម្រាប់ពេលនេះ។​

កងជីវពលអ៊ិស្លាម ត្រូវបានចុះបញ្ជីជាអង្គការភេរវករ ត្រូវបានឃាត់ នៅក្នុងប្រទេសរុស្ស៊ី​ បានប្រកាសថា ពួកគេបានដណ្ដើមកាន់កាប់បានរដ្ឋធានីកាប៊ូល កាលពីល្ងាច ថ្ងៃអាទិត្យ (ទី១៥ ខែសីហា) ។ វីដេអូដែលលេចចេញ ពីទីក្រុងកាប៊ុល បានបង្ហាញពីយុទ្ធជន វាយដណ្តើមយកអគាររដ្ឋាភិបាល និងអង្គុយនៅតុរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលបានប្រកាសថា គាត់បានភៀសខ្លួនចេញ កាលពីប៉ុន្មានម៉ោងមុននេះ ដោយធ្វើដំណើរទៅកាន់ប្រទេស​អ៊ូ​បេគីស្ថាន ដែលនៅជិតខាង។ លោក Ghani បាននិយាយថា ការសម្រេចចិត្តរបស់គាត់ ត្រូវបានធ្វើឡើង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បី «បញ្ចៀសនូវ​ការបង្ហូរឈាម»។​

ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ ​ដែលភៀសខ្លួនចេញ ពីការវាយប្រយុទ្ធរបស់ពួកតាលីបង់ បានសម្រុកទៅកាន់ព្រលានយន្ដហោះ នៅក្នុងទីក្រុងកាប៊ូល ដើម្បីចាកចេញពីប្រទេសនេះ។ ស្របគ្នានេះ ក៏មានបុគ្គលិកទូត នៃបណ្ដាប្រទេសជាច្រើន ក៏សម្រុកចេញផងដែរ។​

លោក ចូ បៃដិន​ ប្រធានាធិបតីអាមេរិក កាលពីមួយសប្ដាហ៍មុន បានប្រឆាំងនឹង​ការព្រួយបារម្ភ​ថា ប្រទេសនេះ អាចត្រូវបានផ្តួលរំលំ ដោយពួកតាលីបង់។ រីឯសេណារីយ៉ូនេះ មិនអាចចៀសផុតឡើយ។ ប៉ុន្ដែលោកបានអះអាងថា វានឹងមិនមានការកើតឡើងម្តងទៀត ដូចការ​​ដួលរលំរដ្ឋាភិបាល Saigon (ខ្មែរហៅព្រៃនគរ ) នៅក្នុងអំ​ឡុងសង្គ្រាមវៀតណាម នា​ឆ្នាំ១៩៧៥ ដោយនិយាយថា «នឹងគ្មានកាលៈទេសៈណា ដែលអ្នកឃើញមនុស្ស ត្រូវបានលើក ចេញពីលើដំបូលស្ថានទូត … របស់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាននោះឡើយ»។ ​

មន្រ្ដីរុស្ស៊ី បានអះអាងថា ភាគច្រើនរបស់តាលីបង់ឥឡូវ ហត់នឿយនឹងការប្រយុទ្ធ ហើយត្រៀមខ្លួន សម្រាប់សម្របសម្រួល​សន្ដិភាព ក្រោយអាមេរិក ចាកចេញ។ រីឯតំណាងពួកតាលីបង់ បានធ្វើទស្សនកិច្ច នៅទីក្រុងម៉ូស្គូ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សម្រាប់ការចរចាសន្តិភាព៕