រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួនហាក់នៅតែមានអារម្មណ៍ថាការគិតរបស់ខ្លួនឯងនៅមិនទាន់ទទួលបានគំនិតវិជ្ជមាននៅឡើយទេ ខណៈការគិតរបស់ពួកគេសព្វថ្ងៃនៅតែមានលក្ខណៈអវិជ្ជមាន ជាហេតុធ្វើឲ្យលទ្ធផលដែលចេញពីការគិតអវិជ្ជមានទាំងនោះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់ការរស់នៅ និងជាពិសេសវាកាន់តែធ្វើឲ្យពួកគេទទួលរងការប៉ះទង្គិចផ្លូវចិត្តខ្លះៗផងដែរ។

យ៉ាងណាមិញមនុស្សដែលធ្លាប់តែមានគំនិតអវិជ្ជមានគួរតែចាប់ផ្តើមបង្វែរខ្លួនឯងបន្តិចម្ដងៗមកគិតរឿងវិជ្ជមានសារជាថ្មីដោយអនុវត្តត្រឹមតែ ៥ ជំហានងាយៗដូចខាងក្រោម៖
១. ចាប់ផ្តើមថ្ងៃថ្មីតែជាមួយនឹងការគិតបែបវិជ្ជមានដោយខ្លួនឯង និងត្រូវប្រាកដចិត្តថាអ្នកពុំបានគិតរឿងអវិជ្ជមានចំពោះខ្លួនឯង ឬសកម្មភាពអ្វីមួយ។
២. យ៉ាងហោចណាស់ធ្វើរឿងមួយជារៀងរាល់ថ្ងៃដែលបង្ខំអ្នកឱ្យគិតឬធ្វើសកម្មភាពប្រកបដោយភាពច្នៃប្រឌិតឬតាមរបៀបដែលមិនមានលក្ខណៈធម្មតា ក្នុងន័យឈ្ពោះទៅរកគំនិតវិជ្ជមាន។
៣. កុំព្យាយាមបន្ថែមសម្ពាធឲ្យខ្លួនឯងដូចពេលកន្លងមក។ ព្យាយាមបន្ធូរអារម្មណ៍តានតឹង និងត្រូវមានពេលលំហែរសម្រាប់ខ្លួនឯង។
៤. ត្រូវប្រាប់ខ្លួនឯងថាគំនិតអវិជ្ជមានវានឹងផ្តល់ផលប៉ះពាល់មិនល្អដល់ខ្លួនឯង និងងាកមកចាប់អារម្មណ៍ការគិតបែបវិជ្ជមាន។
៥. ព្យាយាមចិញ្ចឹមចិត្តរបស់អ្នកដោយត្រូវទទួលយក ឬបើកចិត្តក្នុងការទទួលយកគំនិត ឬព័ត៌មានថ្មីៗជាដើម៕