រដ្ឋធានីកាប៊ូល៖  ក្រោយពេលពួកឧទ្ទាមតាលីបង់ វាយដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ូល កាលពីល្ងាច ថ្ងៃអាទិត្យ (ទី១៥ ខែសីហា) រួចមក អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានអះអាងថា លោក នឹងឱនក្បាលគោរពដល់ពួកភេរវករតាលីបង់ឡើយ។

សារព័ត៌មាន Hindustan Time បានផ្សាយថា លោក Amrullah Saleh អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា លោកនឹងមិនអាចជ្រកក្រោមដំបូលតាលីបង់ ហើយនឹងឱនគោរពពួកភេរវករដែរ។​ លោកអនុប្រធានាធិបតី បានអះអាងបែបនេះ ក្រោយពេលពួកតាលីបង់អះអាងពីការគ្រប់គ្រងវិមានប្រធានាធិបតី នៅក្នុងទីក្រុងកាប៊ូល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

លោក Amrullah Saleh បានប្រកាស តាមបណ្ដាញសង្គមថា លោកនឹងមិនឱនក្បាលគោរពដល់ពួកតាលីបង់ឡើយ ហើយក៏មិនស្ថិតក្រោមកាលៈទេសៈណាមួយនោះទេ។ លោកមិនក្បត់ឆន្ទៈ និងកេរតំណែល​បុព្វវីរជនរបស់លោក គឹលោក​ Ahmad Shah Masoud ជាមេបញ្ជាការ និងជាមគ្គុទ្ទេសក៍នោះដែរ។

លោក Amrullah Saleh បានបន្ដថា អ្វីដែលលោក​មិនខកចិត្តបំផុត ត្រង់ថា មនុស្សរាប់លាននាក់ មិនស្តាប់តាមលោក ហើយលោកក៏នឹងមិននៅក្រោមការគ្រប់គ្រងណា​មួយជាមួយតាលីបង់នោះឡើយ។ អនុប្រធានាធិបតីរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ការចរចា សម្រាប់ការរៀបចំបណ្តោះអាសន្ន កំពុងដំណើរការ។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក Amrullah Saleh បានចាកចេញពីទីក្រុងកាប៊ូល ហើយអាចធ្វើដំណើរ តាមជ្រលងភ្នាម Panhshiri ។ ស្របគ្នានោះដែរ លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ត្រូវបានកងទ័ពសហរដ្ឋអាមេរិក ជម្លៀសចេញពីទីក្រុងកាប៊ូល ហើយនាំទៅកាន់រដ្ឋធានី​ Dushanbe ប្រទេសតាជីគីស្ថាន (Tajikistan)។

បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ថា លោក Ashraf Ghani បានប្រគល់សិទ្ធិដោះស្រាយបញ្ហាវិបត្ដិទាំងនេះ ទៅលើមេដឹកនាំនយោបាយ នៅក្នុងប្រទេស។ ប៉ុន្ដែបើតាមលោក​ Bismillah Mohammadi រដ្ឋមន្រ្ដីស្ដីទីក្រសួងការពារជាតិ បានបញ្ជាក់ថា គណៈប្រតិភូមួយក្រុម រួមមាន លោក Younus Qanooni, លោក Ahmad Wali Massoud, លោក Mohammad Mohaqiq បានធ្វើដំណើរទៅកាន់ទីក្រុងដូហា ប្រទេសកាតារ កាលពីថ្ងៃចន្ទ (ទី១៦ ខែសីហា) ដើម្បីចរចា ស្ដីពីបញ្ហាអាហ្វហ្គានីស្ថាន។​

ក្រោយពេលចូលទៅដល់ទីក្រុងកាប៊ូល មេដឹកនាំ​តាលីបង់ បានប្រកាសថា យុទ្ធជនទាំងអស់ត្រូវបានបញ្ជាឱ្យ​អត់ធ្មត់។ គ្មានការវាយប្រហារ គ្មានការបាញ់កាំភ្លើងអបអរ ដូចកាលពីពេលកន្លងមក ខណៈក្រុមបះបោរបាន​ធ្វើ ក្រោយទទួលជ័យជម្នះលើកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅលើដែនដីជាច្រើន។ ប៉ុន្ដែនៅពេលនេះ​មើលទៅ ដូចជាការធ្វើរដ្ឋប្រហារនោះ គ្មានការបង្ហូរឈាម ហើយមានការផ្លាស់ប្តូរអំណាច ដោយរលូន ក្នុងរយៈពេលពីរបីថ្ងៃ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់មានសេចក្ដីរាយការណ៍ថា ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសអាហ្វហ្គានីស្ថាន​ទាំងអស់នោះ បានរត់ភៀសខ្លួនទៅដល់ទីណាខ្លះនោះដែរ៕