រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូប សុទ្ធមិនអាចចៀសផុតពីការសាងកំហុសខុសឆ្គងណាមួយ ទោះបីវាបានកើតឡើងដោយចេតនា ឬអចេតនារបស់ខ្លួនក៏ដោយក្ដី ខណៈមនុស្សមួយចំនួនបានយកការសាងកំហុសរបស់ខ្លួននោះមកបន្ថែមសម្ពាធឲ្យជីវិតរបស់ខ្លួនឲ្យកាន់តែលំបាកថែមមួយកម្រិត ចំណែកអ្នកខ្លះវិញយកការសាងកំហុសនោះមកធ្វើជាបទពិសោធន៍ ឬជាមេរៀន ដែលជាហេតុធ្វើឲ្យគេទទួលបានការយល់ដឹង និងអាចគេចចេញពីបញ្ហាមួយចំនួនផងដែរ។

តាមពិតទៅ ការបង្កើតកំហុសឡើងមិនមែនសុទ្ធតែជារឿងអាក្រក់ទាំងអស់នោះទេ ព្រោះនៅក្នុងកំហុសឆ្គងទាំងអស់នោះសុទ្ធតែបង្កប់នូវគំនិត ឬវិធីអ្វីមួយដែលអាចធ្វើឲ្យអ្នកស្វែងរកភាពត្រឹមត្រូវដែលប្រសើរឡើងវិញបាន។ តើអ្នកដឹងទេថាហេតុអ្វីបានជាកំហុសគឺជារឿងដែលអ្នកគួរតែរៀន ឬយល់ដឹងពីវា? ព្រោះថា នៅពេលដែលអ្នកបង្កើតកំហុសមក ហើយអ្នកចេះទទួលស្គាល់វា, អ្នកចេះស្វែងយល់ពីមូលហេតុដែលធ្វើឱ្យមានកំហុស,នោះវានឹងធ្វើឲ្យអ្នកចេះកំណត់ផែនការសកម្មភាពដើម្បីចៀសវាងកំហុសនោះកំុំឲ្យវាកើតឡើងម្ដងទៀត ជាហេតុធ្វើឲ្យគោលដៅរបស់អ្នក នឹងកាន់តែឆ្ពោះទៅមុខជាប់ជានិច្ច។

ជីវិតមិនអាចគេចផុតពីការសាងកំហុស ប៉ុន្តែនៅពេលសាងកំហុសត្រូវចេះប្រុងស្មារតី ត្រូវមានទំនួលខុសត្រូវ និងត្រូវចេះរៀនពីកំហុសនោះឲ្យបានត្រឹមត្រូវទើបអ្នកអាចឈានទៅដល់ក្ដីប្រាថ្នា ឬគោលបំណងដែលខ្លួនធ្លាប់ប៉ងទុក៕