រាជធានីបាងកក៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្ហោះសារតាមផេកបណ្ដាញសង្គមហ្វេសប៊ុក «Thalu Fah»  កាលពីថ្ងៃទី១៥ ខែសីហា​ ដោយអំពាវនាដល់អ្នកគាំទ្រ ដើម្បីចូលរួមប្រមូលផ្ដុំគ្នា ប្រឆាំងនឹងរដ្ឋាភិបាល នៅឯវិមានជ័យជម្នះ នៅថ្ងៃចន្ទ ទី១៦ ខែសីហា នេះ ក្រោយពេលមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស កាលពីថ្ងៃអាទិត្យ (ទី១៥ ខែសីហា)។

បើតាមសារព័ត៌មានថៃ The Nation  បានចេញផ្សាយ នៅថ្ងៃទី១៦ ខែសីហា ថា ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រកាសថា ពួកគេនឹងដង្ហែក្បួនទៅកាន់ផ្ទះរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ដោយចេញពីផ្លូវ​ Phahonyothin  ហើយបត់ស្ដាំតាមផ្លូវ Soi Phahonyothin 2  ហើយបត់ឆ្វងតាមផ្លូវ Vibhavadi Rangsit ។​ ដូច្នេះប៉ូលិសត្រូវតែអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅកាន់ផ្ទះនាយករដ្ឋមន្រ្ដី ព្រោះពួកគេបានចរចាជាមួយនឹងមន្រ្ដីប៉ូលិសជាន់ខ្ពស់រួចហើយ។​

បើតាមផេកដដែល បានបញ្ជាក់ថា ឥឡូវយើងកំពុងតែទទួលជំនួយ សម្រាប់ទិញឧបករណ៍ការពារ និងការទ្រទ្រង់ដល់បាតុកម្មនេះ។​ ប៉ូលិសថៃ កាលពីថ្ងៃទី១៥ ខែសីហា បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមអ្នកតវ៉ា ហើយសមត្ថកិច្ច​បានប្រើប្រាស់រថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករ។

កាលពីពេលកន្លងមក មុនការផ្ទុះឡើង នៃរលកកូវីដ-១៩ចុងក្រោយនេះ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ​ បានធ្វើបាតុកម្មទាមទារចំណុចសំខាន់ៗចំនួន៣ រួមមាន ទី១-ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃចុះចេញពីតំណែង, ទី២-ទាមទារឲ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ តាមពលរដ្ឋចង់បាន និងទី៣-ដកសិទ្ធិអំណាចព្រះមហាក្សត្រថៃ៕