​រដ្ឋធានីកាប៊ូល៖ ​ក្រោយ​ពេលកងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ​បានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រុមឧទ្ទាមតាលីបង់ បានបង្កើនការវាយប្រយុទ្ធ ដណ្ដើមកាន់កាប់ទីក្រុងជាច្រើន នៃប្រទេសនេះ ហើយសកម្មភាពរបស់ក្រុមបះបោរនេះ កំពុងតែបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

អំពើហិង្សាប្រដាប់អាវុធរបស់ក្រុមបះបោរនេះ កំពុងតែបង្កើនការភ័យខ្លាចដល់​ពលរដ្ឋអាហ្វហ្គនីស្ថាន ហើយពលរដ្ឋធម្មតារាប់ម៉ឺននាក់ បានរត់ចោលផ្ទះសម្បែងរបស់ពួកគេ។ ដោយឡែក​មនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានគេសម្លាប់ ឬបាញ់ឲ្យរងរបួស នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗចុងក្រោយនេះ។​

មន្រ្តីជាន់ខ្ពស់របស់ក្រុមឧទ្ទាមតាលីបង់ម្នាក់ បានឲ្យដឹងថា ការតម្រង់គោលទៅភាគខាង​​​ជើងប្រទេស ​ជាទិសដៅ មិនមែនតែមួយទេ ដោយសារតែតំបន់នេះ ធ្លាប់ជាកន្លែង​តស៊ូប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ យ៉ាងខ្លាំ​ង។ ពួកតាលីបង់ក៏ចង់ឲ្យមានការចូលរួមពីជនជាតិភាគតិចផងដែរ។​

លោក Haji Hekmat ជាមេដឹកនាំតាលីបង់ក្នុងតំបន់​ បានបញ្ជាក់ដល់បណ្ដាញសារព័ត៌មាននានាថា ស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមតែជាមួយដៃគូបុរសប៉ុណ្ណោះ។ ប៉ុន្តែនៅពេលគេឃើញការពិត​ ហាក់ដូចជាមិនមានករណីបែបនេះទេ។ នៅកន្លែងផ្សេងទៀត មេបញ្ជាការតាលីបង់ ​នៅតែប្រកាន់​ភាពតឹងរ៉ឹងជាងនេះទៅទៀត។ ទោះជាយ៉ាងណា ​ស្រ្ដីទាំងអស់ នៅក្នុងតំបន់កាន់កាប់របស់តាលីបង់ ត្រូវបានគេឃើញស្លៀកសម្លៀក បំពាក់បិទបាំងទាំងមុខ និងសក់ដដែល។​​

ថ្វីបើលោក Haji Hekmat ជាមេដឹកនាំតាលីបង់ក្នុងតំបន់ បានបញ្ជាក់ថា គ្មានអ្នក​ម្នាក់ ត្រូវបានគេបង្ខិតបង្ខំនោះឡើយ ប៉ុន្ដែក្រុមតាលីបង់ គ្រាន់តែផ្សព្វផ្សាយ ពីសម្លៀកបំពាក់ដែលស្រ្ដីគួរតែស្លៀក។​

ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដកចេញអស់ពីប្រទេសអាហ្វហ្គានីស្ថាន ក្រុមឧទ្ទាមតាលីបង់ បាន និង កំពុងតែបង្កើនការវាយប្រហារចូលកាន់កាប់បណ្ដាខេត្តជាច្រើនរបស់ប្រទេសនេះ។ សកម្មភាពកម្លាំងយោធាយ៉ាងឃោរឃៅរបស់ក្រុមបះបោរ ​កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយមានមនុស្សរាប់ពាន់គ្រួសារ បានរត់គេចចេញពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង​ រវាងក្រុមប្រយុទ្ធតាលីបង់ និងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

​ស្ថិតក្នុងសភាពបែបនេះក្ដី ​រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅតែកំណត់ផែនការយ៉ាងម៉ឺងម៉ាត់ ត្រូវតែដកកងទ័ពអាមេរិក ចេញពីទឹកដីអាហ្វហ្គានីស្ថាន ឲ្យអស់ នៅត្រឹមចុងខែសីហា ឆ្នាំ២០២១ ​ទោះជាក្រុមឧទ្ទាមតាលីបង់​ បានសម្រេចគោលដៅយុទ្ធសាស្រ្ដរបស់ពួកគេ ប​ង្កើនការវាយលុក ចូលកាន់កាប់ទីក្រុងជាច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថាន​ក្ដី។​  ប៉ុន្ដែ​​រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងនៅតែបន្ដគាំទ្រដល់យោធាអាហ្វហ្គានីស្ថាន ទាំងហិរញ្ញវត្ថ និងភស្ដុភារ​​​ រួមទាំង ជួយរក្សាទ័ពអាកាសរបស់រដ្ឋាភិបាល ពីខាងក្រៅអាហ្វហ្គានីស្ថាន បន្ទាប់ពីដកចេញអស់។

​ប្រេសិត​សហរដ្ឋអាមេរិក  កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានវិលត្រឡប់ទៅកាន់ទីក្រុងដូហា (Doha) រដ្ឋធានី នៃប្រទេសកាតារ ​ព្រមានដល់ក្រុមតាលីបង់ មិនឲ្យស្វែងរកជ័យជម្នះ ​តាមកម្លាំងប្រដាប់អាវុធនោះឡើយ។ តាលីបង់ ត្រូវតែងាកមកតុចរចាខាងនយោបាយ ​ទើបជាផ្លូវនាំទៅរកសន្ដិភាព និងការអភវិឌ្ឍន៍  នៅអាហ្វហ្គានីស្ថាន។

សូមជម្រាបថា ​រដ្ឋាភិបាលតាលីបង់គ្រប់គ្រងអំណាច ដោយអំពើឃោរឃៅ ហើយត្រូវបានផ្ដួលរំលំ ដោយកងកម្លាំងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ពាក់ព័ន្ធនឹងអំពើភេរវកម្មវាយប្រហារដោយយន្ដហោះលើអគារពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ុន្ដែនៅពេលនេះ តាលីបង់​ក្លាយជាក្រុមឧទ្ទាម ​នៅតែចង់​គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ដោយអំពើឃោរឃៅបន្ដទៀត ព្រោះពួកគេប្រយុទ្ធ ដើម្បីអំណាច៕