រដ្ឋធានីណៃពិដោរ៖ ​យុវជនភូមាមួយក្រុម​ បានភ័យខ្លាច ពីការតាមចាប់ខ្លួនរបស់កងសន្ដិសុខមីយ៉ាន់ម៉ា ហើយនាំគ្នាលោតពីលើអគារ បណ្ដាលឲ្យមានមនុស្ស២នាក់បាត់បង់ជីវិត។​

សារព័ត៌មាន CNA បានផ្សាយ នៅថ្ងៃទី១២ ខែសីហា ថា បើតាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា យុវជនមីយ៉ាន់ម៉ា (ភូមា) ចំនួន៥នាក់ បានលោត ចេញពីអគារផ្ទះល្វែង នៅក្នុងទីយ៉ាំងហ្គូន បានស្លាប់យ៉ាងហោច២នាក់។ ហេតុការណ៍បែបនេះ បានកើតឡើង ក្រោយពេលកងកម្លាំងសន្ដិសុខភូមា បានឆ្មក់ចូលចាប់ពួកគេ។ សកម្មភាពទាំងនេះ បង្កឲ្យមានការថ្កោលទោសពីក្រុមប្រឆាំងទៅលើរបបយោធាភូមា។​

សារព័ត៌មានដដែល បានបន្ដថា​ ឧប្បត្ដិហេតុនេះ បានកើតឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ នៅក្នុងខណ្ឌ​ Botahtaung ទីក្រុងយ៉ាងហ្គូន។ ដោយឡែកអ្នករងរបួសផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។​

ប្រទេសភូមាបានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលពួកយោធារឹបអូសអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយរដ្ឋប្រហារនេះ បានបង្កឲ្យមានការតវ៉ាពាសពេញប្រទេស និងមានការបង្ក្រាបយ៉ាងឃោរឃៅ ហើយមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមរដ្ឋផ្សេងៗ។

លោក Tin Zaw ឪពុករបស់ជនរងគ្រោះម្នាក់ ក្នុងចំណោម២នាក់ បានបញ្ជាក់ថា កូនប្រុសរបស់គាត់ ត្រូវបានកងសន្ដិសុខមីយ៉ាន់ម៉ាចាប់ខ្លួន កាលពីខែកុម្ភៈកន្លងទៅ តែដោយសារមានការជួយពីគាត់ទើបគេដោះលែងវិញ។ កូនរបស់គាត់បានចាប់អារម្មណ៍ទៅលើនយោបាយ ចាប់តាំងពីមុនរដ្ឋប្រហារមកម៉្លេះ​ ប៉ុន្ដែក្រោយកងទ័ពរឹបអូសអំណាចមក ក៏ព្យាយាមតស៊ូនឹងរបបគ្រប់គ្រងនេះ។​​​​​​

លោក Thinzar Shunlei Yi មេដឹកនាំ និងជាសកម្មជនមីយ៉ាន់មាន បានបញ្ជាក់ថា យុវជនទាំង៥នាក់នាក់​បានរៀបចំលោតពីលើអគារនោះ ដោយសារពួកគេគិតថា វាប្រសើរជាការប្រឈមមុខនឹងការឃុំឃាំង ឬធ្វើទារុណកម្ម ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន។​ បើពួកគេលោតទៅមិនស្លាប់ គឺរួចខ្លួន។​

បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានបញ្ជាក់ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារនោះមក កម្លាំងសន្ដិសុខ នៃរបបយោធាមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋយ៉ាងតិច ៩៦៥នាក់៕