រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ​ក្រសួងសុខាភិបាលសាធារណៈថៃ និងអង្គការសុខាភិបាលនានា នៅក្នុងប្រទេសនេះ កំពុង​​ជំរុញដល់រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ឲ្យអនុម័តជាបន្ទាន់នូវកិច្ចការពារតាមផ្លូវច្បាប់ សម្រាប់ក្រុមគ្រូពេទ្យជួរមុខព្យាបាលជំងឺកូវីដ-១៩។

​សារព័ត៌មានថៃ (The Nation) បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលសាធារណៈថៃ និង សមាគមវេជ្ជសាស្រ្ដផ្សេងៗ កាលពីថ្ងៃពុធ (ទី១១ ខែសីហា) បានជំរុញដល់រដ្ឋាភិបាលថៃ ឲ្យអនុម័តជាបន្ទាន់នូវកិច្ចការពារស្របច្បាប់ សម្រាប់បុគ្គលិកសុខាភិបាល ដែលព្យាបាលអ្នក​ជំងឺកូវីដ-១៩។​ ស្ថាប័នជំនាញវេជ្ជសាស្រ្ដ​ទាំងនេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា មួយថ្ងៃ ក្រោយពេលរដ្ឋាភិបាលបានថ្លែងពីសេចក្ដីព្រាងក្រឹត្យមួយ ស្ដីពីឯកសិទ្ធិ​តាមផ្លូវច្បាប់ សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុង​ស្ថិតក្នុងការពិចារណានៅឡើយ។

សេចក្ដីថ្លែងការណ៍រួមនោះ មានចុះហត្ថលេខា ដោយរដ្ឋមន្រ្ដីក្រសួងសុខាភិបាល, រដ្ឋបាលចំណីអាហារ និង ឱសថថៃ (FDA), សមាគមគ្រូពេទ្យថៃ, វិទ្យាសា្ថនវ៉ាក់សាំងជាតិ, អង្គការឱសថរដ្ឋាភិបាល និង អង្គការវេជ្ជសាស្រ្ដផ្សេងៗទៀត​។​

លោក ​Kiatiphum Wongrajit មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលសាធារណៈថៃ បានញ្ជាក់ថា ក្រសួងសុខាភិបាល និង អង្គការជំនាញសុខាភិបាលនានា​ បានឯកភាពគ្នាថា​ កូវីដ-១៩ ជាជំងឺដ៏ធ្ងន់ធ្ងរបំផុត ដែលមានផលប៉ះពាល់យ៉ាងធំទូលាយ ដោយបណ្ដាលឲ្យមនុស្សជាច្រើនធ្លាក់ខ្លួនឈឺ ហើយគ្រួសារខ្លះ ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម រវាងស្ថាប័នសុខាភិបាលរបស់រដ្ឋ និងឯកជននោះ ក៏បានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលសាធារណៈ កំពុងតែប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ អស់រយៈពេលជិត២កន្លងមកហើយ ដោយការគ្រប់គ្រងជំងឹ ការផ្ដល់ឱសថ និងវ៉ាក់សាំង ដែលគាំទ្រ​យ៉ាងពេញទំហឹងពីរដ្ឋាភិបាល វិស័យឯកជន អ្នកស្ម័គ្រចិត្ត សង្គមស៊ីវិល និង​ប្រជាពលរដ្ឋ។​ ស្ថានភាពបន្ទាន់នេះ រួមផ្សំជាមួយនឹងការកំណត់នូវចំណេះដឹង និងធនធាននានា អាចបណ្តាលឱ្យមានភាពខ្វះចន្លោះ ឬកំហុសឆ្គងក្នុងការសម្រេចចិត្តព្យាបាលផងដែរ។​

កត្ដាទាំងនេះ បុគ្គលិកក្រសួងសុខាភិបាលសាធារណៈថៃ និង ដៃគូបណ្ដាញសុខាភិបាលនានា​កំពុងជំរុញដល់រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ត្រូវតែអនុម័តនូវវិធានការតាមផ្លូវច្បាប់ ដើម្បីការពារដល់បុគ្គលិកសុខាភិបាល។ ការបង្កើតច្បាប់បែបនេះ អាចនឹងធ្វើឲ្យក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ មិនមានការថុញថប់ ហើយក៏ជាការកសាងនូវទំនុកចិត្តរបស់ពួកគេបន្ថែមទៀត​៕