រាជធានីបាងកក៖ ថ្វីបើពេលនេះ ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសថៃ កំពុងឆ្លង និងស្លាប់ច្រើនយ៉ាងណាក្ដី តែក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅតែបន្ដធ្វើបាតុកម្ម ហើយនាំគ្នាដុតប៉ុស្ដិ៍ និងកន្លែងប៉ូលិសចរាចរណ៍នៅជិតវិមានជ័យជម្នះ នាទីក្រុងបាងកក​។

សារព័ត៌មានថៃ The Nation ​បានចេញផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថា ប៉ូលិស នៅថ្ងៃពុធ (ទី១១ ខែសីហា)  បានចោទប្រកាន់ដល់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដុតប៉ុស្ដិ៍ប៉ូលិស Phaya Thai  និងកម្ទេចកន្លែងប៉ូលិសចរាចរណ៍ នៅក្នុងអំឡុងពេលប្រមូលផ្ដុំគ្នារបស់ពួកគេ នៅឯវិមានជ័យជម្នះ កាលពីថ្ងៃអង្គារ (ទី១០ ខែសីហា)។  រីឯគ្រាប់ពីងប៉ុងជាច្រើន ក៏បានរកឃើញ នៅក្នុងតំបន់នោះផងដែរ។​ ប៉ុស្ដិ៍ប៉ូលិសនោះ មានទំហំ៥គុណម៉ែត្រ កម្ពស់១ជាន់ កសាង នៅត្រង់កាច់ជ្រុង Phaya Thai នាវិមានជ័យជម្នះ។​

ប៉ូលិស​ កាលពីព្រឹក ថ្ងៃពុធ បានស៊ើបអង្កេត នៅកន្លែងនោះ ក្រោយពេលមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងមន្រ្ដីប៉ូលិស នៅត្រង់ចំណុចប្រសព្វ Din Daeng កាលពីល្ងាច ថ្ងៃអង្គារ អំឡុងពេលប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កៅស៊ូ និងរថយន្ដបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ។

ប៉ូលិស បានបន្ដថា  ប៉ុស្តិ៍ប៉ូលិស​បានបើក នៅថ្ងៃទី១ ខែមិថុនា ហើយត្រូវបានក្រុមអ្នកតវ៉ាដុតបំផ្លាញចោល។ នៅជាប់នឹងប៉ុស្ដិ៍នោះ ក៏មានកន្លែងប៉ូលិសចរាចរណ៍មួយ មានកម្ពស់ពីរជាន់ ទំហំ៤គុណនឹង៨ម៉ែត្រ ក៏​ត្រូវបានដុតកម្ទេចចោលផងដែរ៕​