រដ្ឋធានីវ៉ាស៊ីនតោន៖  ​រដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន បានដើរតាមលំអានរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បន្ដលក់អាវុធមានតម្លៃ ៧៥០លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ហើយសកម្មភាពបែបនេះ គឺជាការ​បន្ថែមកំហឹងដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ​កាន់តែ​ខ្លាំងឡើងបន្ថែមទៀត​។

​សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីសប្ដាហ៍មុន (ថ្ងៃទី៤ ខែសីហា) ថា  ក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ បាន​ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនលក់គ្រឿងសព្វាវុធធំៗរបស់សហរដ្ឋអាមេរិកជាច្រើន ដូចជា ក្រុមហ៊ុន Lockheed Martin ក្រោយពេលចិនដឹងថា រដ្ឋាភិបាលមុនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យលក់អាវុធទំនើបៗដល់កោះតៃវ៉ាន់ ដែលមានតម្លៃ១,៨ពាន់លានដុល្លារអាមេរិក។​

ភ្នាក់ងារសហប្រតិបត្ដិការសន្ដិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃ​ទី៤ ខែសីហា ឆ្នាំ២០២១​ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ​បានអនុញ្ញាត​ឲ្យលក់អាវុធ មានតម្លៃ ៧៥០ដុល្លារសហរដ្ឋអាមេរិក ដល់​ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌របស់រដ្ឋាភិបាលទីក្រុងតៃប៉ិ នៅលើទឹកដីសហរដ្ឋអាមេរិក (TECRO) នូវប្រព័ន្ធមីស៊ីលផ្លោងធុនមធ្យម ១០៥ មីល្លីម៉ែត្រ​ M109A6 ​រាប់សិបដើម និងសម្ភារ​ពាក់ព័ន្ធដទៃទៀត។​ ជាមួយគ្នានេះដែរ​ TECRO ក៏បានស្នើទិញគ្រឿង​ចម្បាំង​ជាច្រើនបន្ថែមទៀត រួមមាន យានសម្រាប់បំពាក់កាំភ្លើងយ័ន្ដ ប្រភេទ M9992A2 ចំនួន២០គ្រឿង, យានប្រភេទ M88A2 (M88A2 Hercules vehicles) ចំនួន៥គ្រឿង​, ម៉ាស៊ីន M2 Chrysler ចំនួន៥គ្រឿង, កាំភ្លើងយ័ន្ត ចំនួន ៥០ដើម, ​កាំភ្លើងជម្រើសពហុមុខងារ ចំនួន ១ ៦៩៨ គ្រឿង  និងប្រព័ន្ធទិន្នន័យយុទ្ធសាស្ត្រកាំភ្លើងធំដ៏ទំនើប ហៅកាត់ AFATDS ព្រមទាំងគ្រាប់មីស៊ីលនាំផ្លូវផ្សេងៗទៀត​។​

​ក្រសួងការពារជាតិកោះតៃវ៉ាន់ បានសាទរដល់ការសម្រេចចិត្តរបស់រដ្ឋបាល លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើង នៅក្នុងបណ្ដាញសង្គមធ្វីធើរ ថា ការលក់សព្វាវុធទាំងនេះ អាចជួយឲ្យ​តៃវ៉ាន់ មានលទ្ធភាព អាចការពារខ្លួនឯងបាន ហើយក៏ការពារសន្ដិភាព និងស្ថិរភាព នៅក្នុងតំបន់ ថែមទៀតផង។​​

​រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន។​ រដ្ឋាភិបាលទីក្រុងប៉េកាំង គំរាមថា ​ចិននឹងលើកកងទ័ព ចូលលុកលុយ​ដែនកោះ​នេះ នៅក្នុងពេលណាមួយ ប្រសិនបើ​ទីក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាពរបស់ខ្លួន ផ្ដាច់ចេញពី​ចិន។​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ​បានប្រកាសឲ្យកងទ័ពរំដោះប្រជាជនចិន ​ត្រៀមលក្ខណៈធ្វើសង្រ្គាមជានិច្ច។

ក្រោយការប្រកាសរបស់ប្រធានាធិបតីចិននោះ ​កងទ័ព​រំដោះប្រជាជនចិន តែងតែបញ្ជូនយន្ដហោះ​ និងនាវាចម្បាំងជាច្រើនគ្រឿង​ ហោះ និងបើកចូល រំលោភ​លើដែនអាកាសរបស់កោះតៃវ៉ាន់ ជា​ញឹកញាប់។ លើសពីនេះទៅទៀត ចិន​តែង​គំរាមដល់បណ្ដាប្រទេសណា ដែលហ៊ានលូកដៃចូល ជួយដល់កោះតៃវ៉ាន់​​។

បើទោះជាមានការគំរាមកំហែងបែបនេះក្ដី លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-Wen) ប្រធានាធិបតីកោះតៃវ៉ាន់ ​អះអាងថា លោកស្រីត្រូវតែការពារដែនកោះមួយនេះឲ្យខាងតែបាន មិនឲ្យដែនកោះនេះ ធ្លាក់ទៅក្រោមការត្រួតត្រារបស់ចិន​នោះឡើយ។

លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បានបញ្ជាក់យ៉ាងច្បាស់ថា ​ទោះជាត្រូវចំណាយទំហំប៉ុនណា ហើយបូជាពលីកម្មយ៉ាងណាក៏ដោយ ដាច់ខាតត្រូវតែការពារដែនកោះនេះឲ្យបាន។ តៃវ៉ាន់ មានគ្រឿងសព្វាវុធគ្រប់គ្រាន់ សម្រាប់ធ្វើសឹកសង្គ្រាមជាមួយនឹងចិន។  រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងតៃប៉ិ បានចំណាយលុយជាច្រើនពាន់លានដុល្លារសហរដ្ឋអាមេរិក ទិញយន្ដហោះចម្បាំងទំនើបៗ និងប្រព័ន្ធការពារ ព្រមទាំងគ្រឿងសឹកជាច្រើនទៀត ពីសហរដ្ឋអាមេរិក​៕