រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក កំពុងតែផ្ទុះ​​ការឆ្លងកូវីដ-១៩ខ្លាំងជាថ្មីឡើងវិញក្ដី ប៉ុន្ដែទីផ្សារការងារ នៅក្នុងប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធានេះ កំពុងតែងើបទៅរកភាពល្អប្រសើរឡើងវិញ ដោយ​បន្ថែមការងារ ចំនួន ៩៤៣ ០០០កន្លែង។

​​សារព័ត៌មាន The Washington Post បានផ្សាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបន្ថែមការងារ ៩៤៣ ០០០ នៅក្នុងខែកក្កដា​ ដោយសារការជួលកើនឡើង ហើយនិយោជក​បានដំឡើងប្រាក់ឈ្នួល ដើម្បីទាក់ទាញដល់កម្មករបន្ថែមទៀតផង។ កំណើនការងារនេះ បានកើនឡើង ក្នុងរយៈពេល២ខែជាប់ៗគ្នា ខណៈប្រទេសមហាអំណាចមួយនេះ បានពង្រីកការចាក់វ៉ាក់សាំង ដើម្បីធ្វើឲ្យសេដ្ឋកិច្ចដំណើរឡើងវិញ។​

អត្រាអត់ការងារធ្វើ នៅក្នុងខែកក្កដា បានធ្លាក់ចុះពី ៥,៩ភាគរយ មកនៅ៥,៤ភាគរយ ដែលជាទំហំ នៃការធ្លាក់ចុះប្រចាំខែ។ អត្រាអត់ការងារធ្វើនេះ បានធ្លាក់ចុះ ចាប់តាំងពី៦,៣ភាគរយ ខណៈលោក ចូ បៃដិន ចូលកាន់តំណែងជាប្រធានាធិបតិសហរដ្ឋអាមេរិក កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។​

ជាមួយគ្នានេះដែរ ទាំងអ្នកសេដ្ឋវិទូ មេដឹកនាំនយោបាយ ស្ថាប័ននីតិប្រតិបត្ដិ និងអ្នកពាក់ព័ន្ធជាច្រើនទៀត កំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ច កំពុងចាប់ផ្ដើមដំណើរការ ពីពេលនេះ​។​​ នៅក្នុងខែមិថុនា និងខែកក្កដា សម្រាប់ពីរខែជាប់ៗគ្នានេះ បានបន្ថែមការងារជិត១លាន ខណៈទីផ្សារការងារកំពុងតែងើបឡើងវិញ។ ស្របគ្នានេះ និយោជក ក៏បានដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ដើម្បីទាក់ទាញកម្លាំងពលកម្លាំងផងដែរ៕​​