បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើទឹកដីមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ជាង១៣០ ០០០នាក់ ខណៈឥណ្ឌូនេស៊ី មានអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺដ៏កាចសាហាវនេះច្រើនជាបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក។

គេហទំព័រ Worldometer ចេញផ្សាយ នៅព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៣០ ៧០៦នាក់ និងករណីស្លាប់ថ្មី ៧៥០នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ៣៦ ៤៤៧ ១២៣នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៦៣២ ៦៤១នាក់ និង មានអ្នកជាសះស្បើយ ២៩ ៨៣២ ៣៦៣នាក់ ហើយអ្នកជំងឺជាង៥,៩លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។​

ឥណ្ឌូនេស៊ី ដែលនៅលេខរៀងទី១៤ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៣៩ ៥៣២នាក់។ ប៉ុន្ដែប្រទេសអាស៊ានមួយនេះ មានករណីស្លាប់ថ្មី ដោយកូវីដ ១ ៦៣៥នាក់ ហើយនេះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាងគេបណ្ដាប្រទេសនានា នៅលើពិភពលោក។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣,៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១០៤ ០០០នាក់ និង មានអ្នកជាសះស្បើយ ២ ៩៩៦ ៤៧៨នាក់។​

ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើន ក្នុងលំដាប់លេខ៣ នៅលើពិភពលោក មានករណីស្លាប់ថ្មីច្រើន បន្ទាប់ពីឥណ្ឌូនេស៊ី។ ប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ រកឃើញករណីឆ្លងថ្មី ៤២ ១៥៩នាក់ និងករណីស្លាប់ថ្មី ១ ០០៦នាក់។ ប្រេស៊ីល មានអ្នកឆ្លងកូវីដ សរុបជាង២០,១លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥៦១ ៨០៧នាក់ និង មានអ្នកជាសះស្បើយ ជាង ១៨,៨លាននាក់។​

ឥណ្ឌា ដែលពីមុនរកឃើញករណីឆ្លងប្រចាំថ្ងៃ ជាង៤សែននាក់ តែឥឡូវរកឃើញករណីឆ្លងថ្មី ៣៨ ៧០០នាក់ និងករណីស្លាប់ថ្មី៦១៦នាក់។ មហាប្រទេសនៅអាស៊ីខាងត្បូងមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣១,៨លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤២៧ ៤០១នាក់ និង មានអ្នកជាសះស្បើយ ជាង៣១លាននាក់។​​

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩នេះ រកឃើញករណីឆ្លងថ្មី ១២៤នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ៩៣ ៤៩៨នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៧ ៤៩២នាក់។​

ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស …ជាដើម៕​