រាជធានីភ្នំពេញ ៖ ជីវិតមនុស្សគ្រប់រូបដែលកើតមករមែងតែជួបនូវបញ្ហាការកុហក បោកប្រាស់ ឬប្រើពាក្យពេចន៍មិនពិត ហើយវាអាចបង្កឲ្យមានហានិភ័យណាមួយដែលកើតពីការកុហក។ ក្នុងមួយឆាកជីវិតរបស់មនុស្សទោះបីជាមនុស្សនោះមានសេចក្ដីស្មោះត្រង់យ៉ាងណាក៏គង់នឹងមានការកុហកយ៉ាងហោចណាស់ក៏ម្ដងដែរ គ្រាន់តែថាការកុហកនោះមានលក្ខណៈបែបណា ស្ថិតក្នុងបរិបទអ្វី?

មនុស្សគ្រប់តែងចៀសមិនផុតពីការកុហកនោះទេ អ្នកខ្លះកុហកមនុស្សជុំវិញខ្លួនថាជាមនុស្សល្អ មានភាពស្មោះត្រង់ និងជាមនុស្សមនុស្សពូកែជាដើម ក៏ប៉ុន្តែការដែលកុហកអ្នកដទៃនេះវាមិនសូវធ្ងន់ធ្ងរអ្វីដូចទៅនឹងការកុហកខ្លួនឯងនោះឡើយ ព្រោះបើទោះបីជាអ្នកកុហកអ្នកដទៃ ក៏អ្នកដទៃគេមិនមែននៅជាមួយខ្លួនអ្នកពេញមួយជីវិតនោះទេ។

ការកុហកខ្លួនឯង គឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់ជីវិតរបស់ខ្លួនឯង វេលាដែលអ្នកកាន់តែកុហក អ្នកកាន់តែប្រទាញប្រទង់ជីវិតខ្លួនឲ្យធ្លាក់ក្នុងរណ្តៅ។ ហេតុនេះក្នុងនាមជាមនុស្សអ្នកគួរតែរីករាយនូវអ្វីដែលខ្លួនកំពុងតែមាន និងយល់ព្រមទទួលយករាល់បញ្ហាដែលខ្លួនកំពុងតែប្រឈមដោយព្យាយាមដោះស្រាយដោយស្នាមញញឹម។ ការកុហកខ្លួនឯង ជាការរុញជីវិតឲ្យកាន់តែយ៉ាប់យ៉ឺន៕