វៀតណាម៖ ត្បិតតែបច្ចុប្បន្ននេះវិទ្យាសាស្ត្រមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអបិយជំនឿទៅលើខ្មោច ព្រាយ បិសាច នៅតែដក់ជាប់ក្នុងផ្នត់គំនិតរបស់មនុស្សទូទាំងពិភពលោក ដែលសូម្បីតែប្រទេសមហាអំណាចធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក៏នៅតែមិនអាចបកស្រាយឲ្យជាក់លាក់បានដែរថា នៅលើលោកនេះ មានព្រលឹង ខ្មោច ព្រាយ បិសាច ដែរ ឬអត់?

ទាក់ទងនឹងជំនឿអរូបិយនេះដែរ ថ្ងៃនេះ KBN នឹងនាំលោកអ្នកឲ្យទៅស្គាល់ទីតាំងមួយកន្លែងក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម ដោយទីតាំងនោះជឿជាក់ថា មានមនុស្សច្រើននាក់ស្គាល់ច្បាស់ ថាជាកន្លែងបង្កប់នូវរឿងរ៉ាវដ៏សែនព្រឺព្រួចបំផុត ដែលប្រជាពលរដ្ឋវៀតណាមគ្រប់ជំនាន់នៅតែខ្លាចរអា ។

កន្លែងដ៏ព្រឺព្រួចមួយនោះមានឈ្មោះថា សារមន្ទីរវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅអគារលេខ ៩៧ ផ្លូវវផូឌឹកឈិន សង្កាត់១ ទីក្រុងហូជីមិញ ។ អគារសារមន្ទីរវិចិត្រសិល្បៈនេះកាលដើមឡើយជាផ្ទះរបស់គ្រួសារអភិជនជនជាតិចិនមួយ គឺត្រកូល ហួ ដែលគ្រប់គ្រងនាអំឡុងឆ្នាំ ១៩២៩ ដល់ ១៩៣៤ ហើយវាត្រូវបានគ្រប់គ្រងដោយរដ្ឋ និងប្រែក្លាយជាអគារ សារមន្ទីរវិចិត្រសិល្បៈ ចាប់តាំងពីឆ្នាំ ១៩៨៧។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ អគារមួយនេះមានអាយុកាលជិត ១០០ឆ្នាំហើយ ។

អគារសារមន្ទីរវិចិត្រសិល្បៈនេះ គឺសាងសង់ឡើងដោយកូនប្រុសរបស់លោក ហ៊ុយ ប៊ុន ហួ ដោយការកសាងនេះ បានបញ្ចប់នៅអំឡុងឆ្នាំ ១៩២៥ ។

យោងតាមប្រវត្តិខ្លះៗបានឲ្យដឹងថា លោក ហួ មានស្រុកកំណើតនៅខេត្តហ្វូជៀន កើតនៅ ១៨៤៥ ហើយប្រហែលកំលុងឆ្នាំ ១៨៦៣ ឪពុកម្ដាយរបស់គាត់ បានធ្វើអន្តោប្រវេស៍មករស់នៅទីក្រុងហូជីមិញ ។

ប្រវត្តិគ្រួសារលោក ហួ ហាក់ដូចជាមានភាពស្រពិកស្រពិល មិនមានអ្នកណាដឹងច្បាស់ឡើយ រហូតមកទល់បច្ចុប្បន្ននេះ ខ្លះថា គ្រួសារលោក ហួ ចាប់ផ្ដើមពីបាតដៃទទេ រហូតក្លាយជាសេដ្ឋី ឯខ្លះទៀតនិយាយថាគ្រួសារនេះ ជាសាច់សែលោហិតរបស់រាជវង្សហាន និងជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិមួយភាគធំរបស់រាជវង្សហានថែមទៀតផង ។

យ៉ាងណាមិញចំពោះឯកសារមិនច្បាស់ការខាងលើនេះ មិនត្រូវបានគេយកចិត្តទុកដាក់ឡើយ តែអ្វីដែលដឹងច្បាស់នោះគឺលោក ហួ ជាអ្នកជំនួញដ៏ចំណានម្នាក់ មានទ្រព្យស្ដុកស្ដម្ភ ស្ថិតក្នុងចំណោមអ្នកមានទាំងបួន នៅ ហូជីមិញ ហើយគ្រាន់តែផ្ទះរបស់លោកមានចំនួនរហូតទៅដល់ ២ម៉ឺនកន្លែង នៅទូទាំងទីក្រុងហូជីមិញ និងទូទាំងប្រទេសវៀតណាមភាគខាងត្បូង ។

លោក ហួ ត្រូវបានប្រជាពលរដ្ឋនៅ ហូជីមិញ សម័យនោះ ហៅថា ពូ ហួ ៗ ហើយក្រៅតែពីភាពប៉ុនប្រសព្វក្នុងការធ្វើពាណិជ្ជកម្មជាមួយជនជាតិអ៉ឺរ៉ុប គាត់ជាបុគ្គលដ៏មានចិត្តសប្បុរសបំផុត ជួយអភិវឌ្ឍទីក្រុង មានដូចជា អាគារដ្ឋ ផ្លូវ សាលារៀន និងវត្តអារ៉ាមជាដើម ។

យោងតាមឯកសារជាច្រើនរបស់វៀតណាម បានបង្ហាញថា លោក ហួ បានទៅកាន់ប្រទេសចិនវិញ និងបានស្លាប់នៅទីនោះក្នុងឆ្នាំ ១៩០១ ។ ចំណែកកូនប្រុសៗរបស់លោក ដែលបានបញ្ចប់ការសិក្សានៅប្រទេសអឺរ៉ុប បាននាំគ្នាមកកាន់កាប់មុខជំនួញនៅទីក្រុង ហូជីមិញ បន្តវេនពីលោក ។

និយាយដល់កូនប្រុសម្នាក់របស់លោក ហួ ក៏បានសាងសង់វិមានមួយសម្រាប់រស់នៅជាលក្ខណៈគ្រួសារ ដែលវិមាននោះ បច្ចុប្បន្នគឺជាអគារ សារមន្ទីរវិចិត្រសិល្បៈ នេះឯង ។ គេដឹងថាគាត់មានកូនប្រុសជាច្រើននាក់ ប៉ុន្តែមានកូនស្រីតែម្នាក់គត់ មានសម្រស់ស្រស់ស្អាតដាច់គេ ឈ្មោះថា ហួ ទៀវឡាន ។ កូនប្រុសរបស់លោក ហួ និងភរិយា ស្រឡាញ់ កូនស្រីម្នាក់នេះខ្លាំងណាស់ ដល់ថ្នាក់មិនហ៊ានឲ្យនាងទៅបន្តសិក្សានៅប្រទេសអឺរ៉ុប ដូចកូនប្រុសៗឡើយ ដោយឲ្យនាងនៅផ្ទះ មើលថែរក្សាប្រៀបដូចជាព្រះនាងយ៉ាងដូច្នេះដែរ ។

ព្រោះតែសម្រស់របស់នាង ទៀវឡាន ទើបធ្វើឲ្យមនុស្សប្រុសគ្រប់ស្រទាប់វណ្ណៈ នៅ ហូជីមិញ ប្រាថ្នាចង់បានជាគូគាប់ ប៉ុន្តែមានពេលមួយស្រាប់តែដំណឹងរបស់នាង បានស្ងប់ស្ងាត់មិនដឹងថា នាងទៅទីណា ខណៈដែលគ្រួសារ ហួ ក៏មិនដែលនិយាយពីនាងឡើយ ហើយបើមានអ្នកសួរនាំ គេបានត្រឹមតែធ្វើមុខស្រពោន និងគ្រវីក្បាល ដើរចេញប៉ុណ្ណោះ ។

តាមពិតទៅ មូលហេតុដែល ទៀវឡាន បាត់មុខបាត់សំឡេងនេះ ដោយសារតែនាងបានឆ្លងជំងឺសាហាវមួយនាសម័យនោះ គឺជំងឺ ឃ្លង់ ។ កាលនោះ ជំងឺឃ្លង់ ជាជំងឺរាតត្បាតដ៏សាហាវបំផុត ពុំមានថ្នាំព្យាបាលបានឡើយ បើទោះជាគ្រួសារ ហួ បាននាំយកថ្នាំ និងវេជ្ជបណ្ឌិត ពីអឺរ៉ុប មកព្យាបាលកូនស្រីយ៉ាងណាក៏នាង មិនមអាការៈនាងនៅតែមិនធូរស្បើយដែរ ។

នាង ទៀវឡាន ដែលធ្លាប់តែជាស្រីក្រមុំ ដ៏ស្រស់ស្អាតដូចទេពធិតា ស្រាប់តែប្រែរូបរាងគួរឲ្យខ្លាចស្បែករលួយ ដៃជើងក្រញ៉ង់ សក់កន្ទ្រើង ហើយបើទោះបីជាឪពុកម្ដាយស្រឡាញ់នាងខ្លាំងប៉ុនណា ក៏ត្រូវតែបង្ខំចិត្តឃុំនាងឲ្យនៅក្នុងបន្ទប់បិទជិតមួយ នៅជាន់លើបំផុត ទុកតែប្រឡោះតូចមួយសម្រាប់អ្នកបម្រើ យកបាយទឹក ទៅឲ្យប៉ុណ្ណោះ ។

រៀងរាល់យប់ សម្រែកថ្ងួចថ្ងូរដោយក្ដីឈឺចាប់របស់ ទៀវឡាន បានបន្លឺឡើងគួរឲ្យតក់ស្លុតបំផុត ហើយមានតែអ្នកជិតខាងជាប់របងផ្ទះគ្រួសារ ហួ ប៉ុណ្ណោះដែលស្ដាប់ឮសំឡេងនេះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា ជាសំឡេងយំស្រែងរបស់ ទៀវឡាន ទេ ដោយយល់ច្រឡំថាជា ខ្មោចលងទៅវិញ ។

មិនយូរប៉ុន្មាន ឪពុក ក៏បានលាយល័ក្ខជាអក្សរប្រកាសថា កូនស្រីសំណព្វចិត្តរបស់ខ្លួន គឺនាង ទៀវឡាន បានទទួលមរណភាព ប៉ុន្តែលោកមិនបានបញ្ជាក់ថានាងមរណភាពដោយសារជំងឺ ឃ្លង់ឡើយ ដោយគ្រាន់តែថា នាងមានជំងឺម្យ៉ាងព្យាបាលមិនជាប៉ុណ្ណោះ ។ គ្រួសារ ហួ កើតទុក្ខសោកសង្រេងយ៉ាងខ្លាំង បន្ទាប់ពីមរណភាពរបស់ នាង ទៀវឡាន ហើយគេក៏បានធ្វើមឈូសពីថ្មកែវមួយសម្រាប់តម្កល់សាកសពនាង នៅបន្ទប់មួយជាន់ផ្ទាល់ដី ដើម្បីឲ្យវិញ្ញាណរបស់នាងមានអារម្មណ៍មិនឯកកោ ដូចកាលនៅរស់។

និយាយដល់ស្ថានភាពក្នុងវិមានដ៏ស្កឹមស្កៃ​របស់គ្រួសារត្រកូល ហួ ក្រោយពី នាង ទៀវឡាន ស្លាប់ទៅ បានក្លាយជាទីដ៏ស្ងាត់ជ្រងំ មិនមានសំឡេងសើចសប្បាយដូចពេលមុនឡើយ ។ ហើយអ្វីដែលគួរព្រឺព្រួចទៀតនោះ គឺអ្នកបម្រើនៅក្នុងផ្ទះតែងតែស្ដាប់ឮសំឡេងយំស្រែក ទួញថ្ងូរល្វើយៗចេញពីបន្ទប់ខាងលើ ដែលជាបន្ទប់នាង ទៀវឡាន ស្នាក់នៅកាលនាងនៅរស់ និងពេលខ្លះឮសំឡេងដូចមានមនុស្សគោះគម្របមឈូសសពនាងទៀតផង ។ សម្រាប់មនុស្សម្នាដែលរស់នៅជិតខាង ឬអ្នកដំណើរដែលឆ្លងកាត់វិមានគ្រួសារ ហួ ពេលយប់ស្ងាត់ សុទ្ធតែបានឃើញរូបរាងមនុស្សស្រីសក់វែង ស្លៀករ៉ូបស ឈអើតតាមបង្អួច ពេលខ្លះឈមាត់របង ហើយពេលខ្លះឃើញ ដើរក្នុងបរិវេណខាងក្រៅផ្ទះ ដែលជាហេតុធ្វើឲ្យគេគ្រប់គ្នាខ្លាចរអាព្រោះស្គាល់ច្បាស់ថាជាវិញ្ញាណខ្មោច នាង ទៀវឡាន ។

អស់រយៈពេញមួយឆ្នាំ ពលរដ្ឋក្នុងទីក្រុង ហូជីមិញ ទាំងមូលសុទ្ធតែដឹងថា វិញ្ញាណនាង ទៀវឡាន ក្លាយជាព្រាយរស់នៅក្នុងវិមាណគ្រួសាររបស់នាង ប៉ុន្តែឪពុកម្ដាយ មិនបានមានប្រតិកម្មអ្វីឡើយ ។ នៅថ្ងៃគម្រប់ខួបមួយឆ្នាំ នៃមរណភាពរបស់ ទៀវឡាន គ្រួសារ ហួ បានរៀបចំសែនព្រេន ដោយមានរ៉ូបថ្មី និងចំណីអាហារ ដែល ទៀវឡាន ចូលចិត្ត ហើយដូចសព្វមួយដង ពេលសែនអស់ធូប អ្នកបម្រើតែងតែចូលទៅយកសំណែននោះចេញ។ ប៉ុន្តែលើកនេះខុសពីលើកមុន ដោយឃើញថា បាយម្ហូបក្នុងចានសុទ្ធតែមានស្នាមមនុស្សទទួលទានអស់ពាក់កណ្ដាលចាន ចំណែករ៉ូបថ្មី ក៏បាត់ឈឹងតែម្ដង ហើយអ្វីដែលកាន់តែចម្លែកនោះគឺគម្របមឈូស បានហើបដូចជាស្នាដៃរបស់មនុស្សមកបើកយ៉ាងដូច្នេះដែរ ។

ពេលនោះ នាងអ្នកបម្រើដែលត្រូវវេណមកយកសំណែនចេញ មានអារម្មណ៍ភិតភ័យញ័រដៃជើង ហើយព្យាយាមរំកិលខ្លួនយឺតៗទៅអើតមើលក្នុងមឈូស ពេលនោះអ្វីដែលគេបានឃើញគឺធ្វើឲ្យគេគាំងស្រែកមិនរួចភ្លាមៗឡើយ បានត្រឹមបើកភ្នែកធំៗហើយប្រឹងបើកមាត់ រហូតដល់ភ្លាត់សំលេងស្រែកយ៉ាងខ្លាំងលាន់ពេញល្វែងជាន់ខាងក្រោមថា “នាងតូច មកវិញហើយ” ។ សំឡេងរបស់ស្ត្រីបម្រើបានធ្វើឲ្យលាន់ឮដល់អ្នកបម្រើឯទៀត ហើយនាំគ្នារត់មកមើល ក៏ឃើញថា រ៉ូបថ្មីដែលដាក់សែន ត្រូវបានពាក់នៅលើសាកសពរលួយរបស់នាង ទៀវឡាន ហើយក៏មានប្រឡាក់ជាប់បាយ ម្ហូប នៅនឹងមាត់របស់សពផងដែរ ។ ឃើញដូច្នេះអ្នកបម្រើទាំងអស់បាននាំគ្នារត់ស្រែកឆោឡោ ផ្អើលពេញផ្ទះ ព្រោះដឹងច្បាស់ថា អ្វីដែលគេឃើញមិនមែនជាទង្វើរបស់មនុស្សឡើយ ច្បាស់ណាស់ជាទង្វើខ្មោចនាង ទៀវឡាន ។

បន្ទាប់ពីនោះមក ឪពុកម្ដាយ ក៏ដាច់ចិត្តយកសាកសពកូនស្រី ទៅបញ្ចុះស្ងាត់ៗនៅទីបញ្ចុះសពមួយកន្លែង ប៉ុន្តែគេមិនដឹងថា នៅទីណាឡើយ ។

ជាមួយគ្នានោះដែរ កាលនោះមានអ្នកស្រាវជ្រាវខ្លះក៏បានសរសេរថា ដោយសារតែការលោភលន់របស់មនុស្សទើប ផ្នូររបស់ ទៀវឡាន ត្រូវបានរងនូវការគាស់បំផ្លាញជាច្រើនលើកច្រើនសារ ព្រោះតែគេមានជំនឿថា ផ្នូររបស់សមាជិកគ្រួសារអភិជន សុទ្ធតែត្រូវបានបញ្ចុះជាមួយមាសពេជ្រ កែវកង ។

យ៉ាងណាក៏ដោយ សម្រាប់វិមានរបស់គ្រួសារ ហួ នៅតែត្រូវបានគេមើលឃើញមានភ្លើងព្រាយ ហោះចេញចូល និងពេលខ្លះឃើញមានស្រមោលមនុស្សស្រីដើរចុះឡើង ដោយជឿថាជាព្រលឹងខ្មោចនាង ទៀវឡាន ។ អ្នកស្រាវជ្រាវជាច្រើនបាននិយាយដូចៗគ្នាថា ព្រលឹងខ្មោច នាង ទៀវឡាន តែងតែលងបន្លាចមនុស្សម្នាររហូតដល់មុនឆ្នាំ ១៩៧៥ ទើបស្ងប់ស្ងាត់ទៅវិញ ៕