រាជធានីភ្នំពេញ៖ បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣.៣៦០លីត្រ។

បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋមហើយបានកំណត់មុខសញ្ញា ទីតាំងឃ្លាំង ស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ។

លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុកដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង១៨.៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចចម្រុះសម្រេចបិទសៀលឃ្លាំងជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ប្រតិបត្តិការនេះប្រព្រឹត្តទៅដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋានផងដែរ៕