រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំធ្វើតេស្តសារធាតុញៀនជាង៥០គីឡូក្រាម និងបង្ហាញមុខជនសង្ស័យចំនួន២នាក់ ដែលបង្ក្រាបបានកាលពីពេលថ្មីៗនេះ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ៖ ទី១-នៅចំណុចផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឫស្សីកែវ។ ទី២-នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឫស្សីកែវ។ ទី៣-នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ទី៤-ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាលទ្ធផល កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ២នាក់រួមមាន ៖ ១-ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និង២-ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ដកហូតបាន មេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ៣០គ.ក្រ ៣៤០ក្រាម, កេតាមីន(Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គ.ក្រ ៩៤៦,៦៦ក្រាម, ទូរស័ព្ទ ៣គ្រឿង, ម៉ូតូ ១គ្រឿង, រថយន្ត ១គ្រឿង ។ សរុបសារធាតុញៀនចំនួន ៥០គ.ក្រ ២៨៦,៦៦ក្រាម ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕