ដើម្បីបញ្ចៀសបញ្ហាជ្រុះសក់តទៅទៀត គ្នាយើងគប្បីស្វែងយល់ពីមូលហេតុបង្ក និងបញ្ឈប់ទម្លាប់ផ្សេងៗដែលប៉ះពាល់ដល់សុខភាពសក់ ទើបជាការប្រសើរ។ ទម្លាប់ទាំង៧ ធ្វើឲ្យសក់ស្ដើងទៅៗ៖

១. ងូតទឹកក្ដៅ
ការលាងសម្អាតសក់ជាមួយនឹងទឹកក្ដៅអាចបង្កើនស្រ្តេស និងធ្វើឲ្យសរសៃសក់របស់យើងស្ងួត។ វាក៏អាចធ្វើឲ្យស្បែកក្បាលស្ងួត និងបើករន្ធញើសនៅលើស្បែកក្បាល ជាហេតុនាំឲ្យមានការផលិតជាតិប្រេងលើសលប់ និងបង្កជាបញ្ហាជ្រុះសក់កាន់តែច្រើនទៅៗ។

២. ចងសក់តឹងពេក
ជាមួយគ្នានេះដែរ ការជ្រុះសក់ក៏អាចបណ្ដាលមកពីទម្លាប់ចងសក់តឹងពេក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ឫសសក់។ កត្តានេះអាចធ្វើឲ្យសក់ខូច និងជ្រុះសក់ដូចគ្នា។

៣. ប្រើម៉ាស៊ីនធ្វើម៉ូតសក់ច្រើនជ្រុល
ការប្រើម៉ាស៊ីនធ្វើម៉ូតសក់ច្រើនជ្រុល ឬរយៈពេលយូរពេកក៏អាចប៉ះពាល់ដល់សុខភាពសក់ដូចជាធ្វើឲ្យសក់ខូចនិងស្បែកក្បាលខ្សោយផងដែរ ។ ជាក់ស្ដែង សីតុណ្ហភាពដ៏ក្ដៅនេះនឹងបំផ្លាញប្រេង និងប្រូតេអ៊ីនពីសរសៃសក់ ធ្វើឲ្យអតុល្យភាពសំណើម និងបណ្ដាលឲ្យជ្រុះសក់។

៤. មិនកក់សក់ញឹកញាប់
នៅពេលដែលយើងមិនកក់សក់រយៈពេលយូរ វាក៏អាចបណ្ដាលឲ្យស្បែកក្បាលមានអង្គែ (buildup )និងនាំឲ្យសក់ខូច ព្រមទាំងបង្អាក់សមត្ថភាពក្នុងការដុះលូតលាស់នៃសរសៃសក់ ដែលជាបញ្ហាចម្បងធ្វើឲ្យសក់ស្ដើងៗ និងជ្រុះសក់។

៥. អេះក្បាល
ស្បែកក្បាលរមាស់អាចបណ្ដាលមកពីការឆ្លងមេរោគផ្សិត អាឡែកហ្ស៊ីឬការរលាក។ ការអេះក្បាលមិនឈប់ និងខ្លាំងៗ ដោយសារតែការរមាស់អាចបំផ្លាញដល់ឫសសក់ ព្រមទាំងធ្វើឲ្យសក់ជ្រុះកាន់តែច្រើន។

៦. ប៉ះពាល់កម្ដៅថ្ងៃច្រើនជ្រុល
ទន្ទឹមនឹងនេះដែរ ការប៉ះពាល់ទៅនឹងកម្ដៅថ្ងៃច្រើនជ្រុលអាចបំផ្លាញស្រទាប់ខាងលើនៃសរសៃសក់។ ការបំផ្លាញដោយកម្ដៅថ្ងៃ អាចធ្វើឲ្យសក់ស្ដើង ស្ងួត និងផុយស្រួយ។

៧. មិនញ៉ាំអាហារទៀងពេល
បញ្ហាជ្រុះសក់ ក៏ជាផលប៉ះពាល់ចម្បងមួយនៅពេលដែលយើងមិនញ៉ាំអាហារទៀងទាត់។ កង្វះសារធាតុចិញ្ចឹមចាំបាច់នឹងបង្វែរថាមពលឆ្ពោះទៅរកមុខងារសំខាន់ៗដូចជាបេះដូង និងខួរក្បាល ដោយបំភ្លេចចោលសរសៃសក់ និងស្បែកក្បាល។ កត្តានេះអាចបញ្ឈប់ដំណើរការលូតលាស់នៃសរសៃសក់ និងបណ្ដាលឲ្យសក់ជ្រុះ៕