បញ្ហាម្តាយក្មេក និងកូនប្រសារ នៅតែជាបញ្ហាដ៏ធំមួយនៅក្នុងចំណងគ្រួសារជាច្រើនដែលមានកើតឡើងមកទល់នឹងសព្វថ្ងៃនេះ។ វាមិនមែនជារឿងដែលទើបនឹងកើតមាននៅក្នុងសង្គមនោះទេ ដែលម្តាយក្មេក និងកូនប្រសារ (ជាពិសេសគឺកូនប្រសារស្រី) មិនសូវជាត្រូវធាតុគ្នានោះ ពោលគឺបញ្ហានេះមានតាំងពីយូរណាស់ហើយ។ ប៉ុន្តែថ្វីត្បិតតែបញ្ហាមួយនេះតែងតែកើងមានឡើង វាក៏មិនមែនថាមិនមានវិធីដោះស្រាយដែរ។ ខាងក្រោមនេះគឺវិធីសាស្ត្រទាក់ចិត្តម្តាយក្មេកអោយស្រលាញ់អ្នកបានដោយមានប្រសិទ្ធិភាព៖

១. គោរពស្រលាញ់ម្តាយក្មេកដូចម្តាយបង្កើត
មិនថាជាម្តាយក្មេក រឺម្តាយបង្កើតរបស់ខ្លួននោះទេ អ្នកគួរតែមានការគោរពស្រលាញ់ចំពោះពួកគាត់ដូចគ្នា។ ជួនកាល ដោយសារតែអ្នកមិនបានបញ្ចេញក្តីស្រលាញ់ចំពោះម្តាយក្មេកអោយគាត់បានឃើញ ដូច្នេះហើយទើបបានគាត់មិនសូវជាមានភាពជិតស្និទ ឬក៏មានអារម្មណ៍ជាគ្រួសារតែមួយជាមួយនឹងអ្នក។

២. ដឹងថាម្តាយក្មេកចង់បានអ្វី
ពេលខ្លះម្តាយក្មេករបស់អ្នកអាចជាមនុស្សចាស់ទៅហើយ ដូច្នេះគាត់ឆាប់មានការខឹងសម្បារ ឬប្រាក់ច្រើន។ ដូច្នេះអ្នកគួរតែដឹងថាតើម្តាយក្មេករបស់អ្នកត្រូវការអ្វី។ មានពេលខ្លះរបស់បន្តិចបន្តួចដូចជាការទិញកាដូ ចំនីអាហារ ឬការយកចិត្តទុកដាក់ពីអ្នកនឹងធ្វើអោយពួកគាត់រំភើបចិត្តហើយងាកមកស្រលាញ់អ្នកទៅហើយ។

៣. កុំប្រើប្រាស់សម្តីគម្រោះគម្រើយដាក់ប្តី រឺមើលងាយប្តី
ឳពុកម្តាយណាក៏ស្រលាញ់កូនៗខ្លួនឯងដែរ មិនថាទោះបីជាគេជាមនុស្សធំហើយក្តី ឬក៏គេមានប្រពន្ធហើយក៏ដោយ។ សង្គមគ្រួសារខ្មែរអោយតម្លៃណាស់លើកិត្តិយសកូនប្រុស ដូច្នេះប្រសិនជាអ្នកមានបញ្ហាគ្រួសារបន្តិចបន្តួច គួរណាកុំប្រើសម្តីគម្រោះគម្រើយជេរប្រទិចមកកាន់ប្តីរបស់ខ្លួន ព្រោះពួកគេនឹងមិនពេញចិត្ត ហើយថែមទាំងមានទស្សនះមិនល្អមកកាន់អ្នកទៀតផង។

៤. ចេះជួយចែករំលែកបន្ទុកគ្រួសារ
ជាមនុស្សម្នាក់នៅក្នុងគ្រួសារ អ្នកក៏មានតួនាទីជួយជាបន្ទុកក្នុងគ្រួសារផងដែរ។ ដូច្នេះប្រសិនជាអ្នកមិនបានចេញធ្វើការរកលុយដើម្បីសម្រាលបន្ទុកក្នុងគ្រួសារទេ អ្នកក៏គួរបំពេញកាតព្វកិច្ចមើលថែទាំផ្ទះអោយបានខ្ជាប់ខ្ជួនផងដែរ។ ការធ្វើបែបនេះនឹងធ្វើអោយម្តាយក្មេករបស់អ្នកទុកចិត្ត ហើយងាកមកស្រលាញ់អ្នកបានច្រើនជាងមុន៕