រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នេះនៅលើគណនីហ្វេសប៊ុកផេករបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថាអ្នកភូមិ ៦០នាក់ ឆ្លងកូវីដ ក្រោយចូលរួមបុណ្យសពមួយ។

ប្រភពដដែលបានលើកឡើងថា អ្នកភូមិដែលបានទៅចូលរួមពិធីបុណ្យសពស្ត្រីម្នាក់ នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាល ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្អើលឆោឡោ ទាំងអារម្មណ៍ ក្តុកក្តួល ដោយគ្រូពេទ្យ រកឃើញបងប្អូនប្រជាពលរដ្ឋ អ្នកភូមិ ដែលបានចូលរួមក្នុងពិធីបុណ្យសព ចំនួន៦០នាក់ វិជ្ជមានកូវីដ១៩។

ជាមួយគ្នានេះដែររដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក មានពលរដ្ឋម្នាក់បាន ទទួល មរណភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល០៥ខែមកហើយ សពមានទីលំនៅ ក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវខេត្តព្រះសីហនុ។

ក្រោយពីមរណភាពនោះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសពមិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវ រង់ចាំ ការយក សំណាកសិន ក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិន ឱ្យមាន ការប្រមូលផ្តុំ នោះទេ តែក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជាតាម គោលការណ៍របស់ក្រសួង សុខាភិបាល និងត្រូវបិទ ទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវយកសំណាក ទាំងអស់គ្នា។

បន្ថែមពីលើនេះប្រភពខាងលើក៏បានបញ្ជាក់ថា បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញ មាន(វិជ្ជមាន)កូវីដ-១៩ និងបានវេចខ្ចប់សាកសពយកទៅបូជា តាមវិធានសុខាភិបាលនៅទីតាំងដែល រដ្ឋបាលខេត្តបានរៀបចំ ដោយមិន អនុញ្ញាតឱ្យរៀបចំពិធីបុណ្បសពនោះទេ។

តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួន ឆ្លៀត ទៅចូល បុណ្បជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យ មានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លង៦០នាក់ហើយ។ គេសង្ស័យថា អាចនឹងមានពលរដ្ឋបន្ថែមទៀតឆ្លងកូវីដ១៩ពីពិធីបុណ្យសពនេះ៕

ប្រភព ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា