ខេត្តពោធិ៍សាត់ ៖ កម្លាំងគណៈបញ្ជាការឯកភាព សហការជាមួយមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គការអភិរក្សអន្ដរជាតិ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិខុសច្បាប់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចដំណាក់ម្អម ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក សៀន វីរ: នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចចម្រុះ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន ៖ ១-ឈ្មោះ ឡុង សារុន ភេទប្រុស អាយុ៣៧ឆ្នាំ , ២-ឈ្មោះ ផែន ភារម្យ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ , ៣-ឈ្មោះ ងឿង ប្រុស ភេទ ប្រុស អាយុ ២៥ ឆ្នាំ , ៤-ឈ្មោះ ម៉ម សេង ភេទ ប្រុស អាយុ ៥២ ឆ្នាំ , ៥-ឈ្មោះ ជួប ឆន ភេទ ប្រុស អាយុ ៦៤ឆ្នាំ (អ្នកទាំង៥នាក់នេះមានទឺលំនៅភូមិអូរំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ត បាត់ដំបង), ៦-ឈ្មោះឡុង ធារ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ ចក្រី ឃុំ បាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង , ៧-ឈ្មោះជួប ឃ្លីន ភេទ ប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិ ថ្មី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង , -ឈ្មោះ វណ្ណ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់ ផ្ទះព្រៃ ខេត្តពោធិ៍សាត់ ។ ទំហំដីដែលជនសង្ស័យបានកាប់រានដីព្រៃចំនួន១៥,៩៦ហិកតា ដោយបានប្រើប្រាស់រណាយន្ដចំនួន០៥គ្រឿង និងកាំបិតចំនួន ០៨ផ្លែ និងពូថៅចំនួន ០១។ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានដុតបំផ្លាញខ្ទមចំនួន ០៣, ជំរុំប្រក់តង់ចំនួន ០៤ និងដកហូតអន្ទាក់សត្វចំនួន ១០០ខ្សែ។

លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្តទៀតថា ចំពោះវត្ថុតាងរណាយន្ដចំនួន ០៤គ្រឿង និងអន្ទាក់សត្វចំនួន ១០០ខ្សែ ត្រូវបានយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលរវៀង។ ចំណែករណាយន្ដធន់ធំចំនួន ០១គ្រឿង កាំបិតចំនួន០៨ផ្លែ និងពូថៅចំនួន ០១ ប្រធានក្រុមការងារសម្រេចប្រគល់ជូនប្រជាការពារ និងរដ្ឋបាលស្រុកវាលវែងរក្សាទុក។ ចំពោះជនសង្ស័យទាំង៨នាក់ត្រូវបាននាំមកកាន់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ខូយ រីដា និង អភិបាលស្រុកវាលវែង បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ហាមមិនឱ្យកាប់រុករានដីព្រៃឬកាប់គាស់ភ្នំយកដីធ្វើកម្មសិទ្ធិ និងបរបាញ់សត្វខុសច្បាប់បន្តទៀតឡើយ៕