រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ford មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតឡើងចិញ្ចើមផ្លូវបុករះបង្គោលផ្ទាំងពាណិជ្ជកម្មមួយដើមដាច់ដល់គល់ ចំណែករថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់មេអូត ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកford ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-8386 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ត្រងចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងចិញ្ចើមផ្លូវក៍បុកបង្គោលផ្ទាំងពាណិជ្ជកម្មមួយដើមបាក់ ចេញពីគល់។ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ បន្ទាប់មកអ្នកបើកបររថយន្តបានបើកទ្វារចុះពីលើរថយន្តចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើត រួចហៅរថយន្តស្ទូចមកស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕