ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៩៤ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន៣៣នាក់ និងស្លាប់១នាក់ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង១៩៤នាក់ ក្នុងនោះអ្នកជំងឺចំនួន២៩នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ១៤២នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន២៣នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ចំណែកអ្នកស្លាប់ម្នាក់ គឺជាស្ត្រីវ័យ៦០ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដានេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៣,៤៨៧ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣២៣២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២៥៤ករណី បានព្យាបាលជាសះស្បើយចំនួន ៦២២នាក់ កំពុងសម្រាកព្យាបាលចំនួន ២,៨៥៧នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕

ដោយឡែក កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១១នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់៕