រាជធានីភ្នំពេញ÷ ផ្ទុះកូវីដ១៩ នៅស្រុកស្ទឹងហាវចេញពី ពិធីបុណ្យសព មួយគិតមកដល់ថ្ងៃទី២២ កក្កដា ២០២១នេះ អ្នកឆ្លងកូវីដ ១៩ ចេញពិធីបុណ្យសពនោះមានចំនួន ៦០នាក់ហើយ និង កំពុងតាមរកអ្នកពាក់ព័ន្ធ មកធ្វើសំណាករកមេរោគបន្តទៀត។ អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាក់ថា ការផ្ទុះជំងឺពីពិធីបុណ្យសពនេះដោយសារតែពលរដ្ឋមិនស្ដាប់តាមការណែនាំរបស់សុខាភិបាល ។

សាវតានៃរឿង៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមកមានករណី ប្រជាពលរដ្ឋម្នាក់បានទទួលមរណៈភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល៥ខែមកហើយ សពមានទីលំនៅ ក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបានចុះទៅណែនាំ គ្រួសារសព មិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណីតែជាលក្ខណ:គ្រួសារនិងមិនឱ្យមានការប្រមូលផ្តុំនោះទេ តែក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែល មានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។

បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញមាន(វិជ្ជមាន)កូវីដ-១៩ និង បានវេចខ្ចប់ សាកសពយកទៅបូជាតាមវិ ធានសុខាភិបាលនៅទីតាំ ងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពនោះទេ។

តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្បជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លង៦០នាក់ហើយ។

សកម្មភាពនេះសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លង រាលដាលពេញភូមិបែបនេះ៕