សាគូ គឺជាមើមរុក្ខជាតិសម្បូរជាតិម្សៅ កាកសរសៃ និងប៉ូតាស្យូម។ ក្រៅពីនេះ មើមសាគូ ក៏មានផ្ទុកនូវសារធាតុមួយចំនួនទៀតផងដែរ ដែលសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពបន្ទាប់ពីទទួលទានវា។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃមើមសាគូ៖

១-ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ជាតិម្សៅក្នុងមើមសាគូ ផ្ទុកសារធាតុជួយបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជម្ងឺផ្សេងៗ ជាពិសេសជម្ងឺឆ្លងមួយចំនួន ដូចជា រាករូស ទល់លាមក និងឬសដូងបាត ដោយសារពោះវៀនតូចស្រូបយកសារជាតិចិញ្ចឹមបានល្អ។

២-ពង្រឹងប្រព័ន្ធរំលាយអាហារ៖ ជាតិម្សៅ និងសរសៃនៃមើមសាគូ ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការកាន់តែប្រសើរ និងទប់ស្កាត់ជម្ងឺមួយចំនួនទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ព្រមទាំងជម្រុញឱ្យប្រព័ន្ធរំលាយអាហារស្រូបយកជីវជាតិ ឬសារធាតុចិញ្ចឹមពីអាហារបានកាន់តែប្រសើរជាងមុនផងដែរ។

៣-ពង្រឹងសុខភាពបេះដូង៖ មើមសាគូ សម្បូរសារជាតិប៉ូតាស្យូម ដែលជំនួយដល់បេះដូងឱ្យមានសុខភាពល្អ និងជួយទប់ស្កាត់ជម្ងឺបេះដូងមួយចំនួនដូចជា ជម្ងឺដាច់សរសៃឈាមបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល និងជម្ងឺតឹងសរសៃឈាមបេះដូងជាដើម។

៤- ជំនួយដល់តម្រងនោម៖ ជួយលាងសម្អាតតម្រងនោម កម្ចាត់ជាតិពុល និងជួយពង្រឹងដល់ដំណើរការតម្រងនោម។
៥- ការពារជម្ងឺលើសឈាម៖ ជាតិប៉ូតាស្យូមក្នុងមើមសាគូ ក៏ជួយរក្សាសម្ពាធឈាមឱ្យមានតុល្យភាព និងការពារពីការកើតជម្ងឺលើសឈាម

សារជាតិកាកសរសៃដ៏ច្រើនលើសលុបក្នុងមើមសាគូ ក៏ចូលរួមចំណែកក្នុងការជម្រុញឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងកាបូអ៊ីដ្រាតគ្រប់គ្រាន់ និងបន្ថយការស្រេកឃ្លានអាហារ៕