រាជធានីភ្នំពេញ ៖ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងករណីអធិការខណ្ឌទាំង១៤ បណ្តែតបណ្តោយឲ្យមានការបើកក្លឹបកម្សាន្ត ជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា មិនដឹងនោះ។

ការព្រមានបែបនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ក្នុងខណ្ឌដូនពេញ យីហោ LOVE កាលពីយប់អធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនបរទេសនិងជនជាតិខ្មែរជាច្រើននាក់ រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួនទៀតផង ខណៈទីតាំងនោះបានធ្វើសកម្មភាពប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ច្រៀងកម្សាន្ត និងមានការប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចបានចេញត្រួតពិនិត្យ និងល្បាតតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ កន្លង ក៏ធ្លាប់បាន បង្ក្រាបក្លឹបកម្សាន្តដែលមានការប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ច្រៀងខារ៉ាអូខេ ជាបន្តបន្ទាប់ផងដែរដូចជានៅខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងតាមបណ្តាខណ្ឌផ្សេងទៀតផងដែរ ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩៕