រដ្ឋធានីហាណូយ៖ ការច្របាច់បញ្ចូលគ្នា រវាង Livestream និង ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក អាចបង្កើតឧស្សាហកម្មថ្មីមួយ មានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ហើយវានឹងក្លាយ​ជាធាតុផ្សំយ៉ាងសំខាន់ នៅក្នុងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។​​

សារព័ត៌មាន Vietna Net បានផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ប្រជាជនវៀតណាម កំពុងផ្លាស់ប្ដូរភ្នាត់គំនិតយ៉ាងឆាប់រហ័ស តាមសម័យឌីជីថល ហើយភាគច្រើន ​ចាប់ផ្ដើមលក់ផលិតផលអនឡាញរបស់ពួកគេ តាមរយៈ Livestreams ។ រីឯប្រសិទ្ធភាព នៃអាជីវកម្មទាំងនេះ បានបង្ហាញតាមរយៈយុទ្ធនាការលក់ផ្លែគូលែន នៅក្នុងខេត្ត Bac Giang កាលពីពេលថ្មីៗនេះ នៅក្នុងអំឡុងពេលមានរលកទី៤ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម។​​

នៅដើមខែមិថុនា ឆ្នាំ២០២១ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឈ្មោះ Sendo បានផ្តល់ប្រាក់កម្ចី តាម​ទំព័របណ្ដាញសង្គមហ្វេសប៊ុកដល់ប្រជាកសិករ នៅក្នុងខេត្ត Bac Giang ដើម្បី​ជួយដល់ការលក់ផ្លែគូលែនរបស់ពួកគេ។ ​ក្នុងអំឡុងពេល នៃការផ្សាយបន្តផ្ទាល់របស់កសិករពីរនាក់ នៅក្នុងខេត្ដ Bac Giang  មានអ្នកចូលមើល ចំនួន ៣០ ០០០ នាក់ ទស្សនាឧទ្យានគូលែន ហើយអាចលក់ផ្លែគូលែនស្រស់ភ្លាមៗ អស់​៨តោន។

Livestream នេះបានទិសដៅថ្មី សម្រាប់កសិករវៀតណាម។ បច្ចុប្បន្ន ផលិតផលកសិកម្មរបស់ប្រទេសនេះ មិនត្រឹមតែ សម្រាប់ការនាំចេញ និងលក់តាមបណ្ដាញពាណិជ្ជកម្ម​អេឡិចត្រូនិកប៉ុណ្ណោះទេ ប៉ុន្ដែផលិតផលកសិកម្មរបស់វៀតណាម ក៏អាចលក់តាម Livestreams នៅលើវេទិកាឌីជីថលផងដែរ។ សកម្មភាពទាំងនេះ អាចជួយឲ្យកសិករវៀតណាម ​មានលទ្ធភាពគ្រប់គ្រងលទ្ធផល នៃផលិតផលកសិកម្មរបស់ពួកគេបន្ថែមទៀត។ នេះជាឱកាសដ៏ល្អមួយ សម្រាប់ប្រទេសវៀតណាម អាចបង្កើតឧស្សាហកម្ម មានប្រាក់ចំណូលរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត តាមរយៈ Livestreams នេះ។​

បើតាមស្ថិតិ បង្ហាញថា វៀតណាមមានការលក់តាម Livestream ២,៥លាន ក្នុងមួយខែៗ នៅក្នុងឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកផ្គត់ផ្គង់ផលិតផល ចំនួន​៥០ ០០០ផងដែរ។​​

បើតាមសេចក្ដីរាយការណ៍ពីក្រុមហ៊ុន iiMedia Research Group បានឲ្យដឹងថា ឧស្សាហកម្ម ពាណិជ្ជកម្ម ផ្សាយផ្ទាល់ នៅក្នុងប្រទេសចិន អាចរកប្រាក់ចំណូលបាន៦១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៩ និង១៣៦ពាន់ដុល្លារ នៅក្នុងឆ្នាំ២០២០ ហើយគេរំពឹងថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ឧស្សាហកម្មខាងលើនេះ នឹងកើនឡើង​ខ្លាំង ៕